អភិបាល​ស្រុក​ស្ទោង បានអំពាវនាវដល់អាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ ត្រូវចេះតាមដានការសិក្សាសិស្សរបស់ខ្លួនគ្រប់ពេលវេលា

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាឆ្នាំសិក្សា២០២២-២០២៣ និងចែកវិញ្ញាបនបត្រ បណ្ណសរសើរ និងរង្វាន់ ដល់សិស្សជ័យលាភីគ្រប់កម្រិត នៅសាលារៀនអេសអ៊ីឌី សាខាទី៣ នៅស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ។

ជាមួយនេះផងដែរ លោកអភិបាលស្រុកស្ទោង ក៏ណែនាំដល់សិស្សានុសិស្សគ្រប់រូបត្រូវមានម្ចាស់ការក្នុងការសិក្សាស្រាវជ្រាវ ដើម្បីខ្លួនឯងទទួលបាននូវចំនេះដឹងពិតប្រាកដ ជាធនធានមនុស្សប្រកបដោយគុណតម្លៃដែលជាយាន្តជំរុញឲ្យយើងមានអនាគតត្រចះត្រចង់ ក៏ដូជាប្រទេសជាតិមានការរីកចម្រើន។

លើសពីនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៌បានអំពាវនាវឲ្យមានការចូលរួម គាំទ្រពីអាណាព្យាបាល សាលារៀនដែលជាដៃគូសហការក្នុងការសិក្សារបស់បុត្រធីតារបស់ខ្លួនប្រកបដោយគុណភាព សមត្ថភាព និងសុវត្ថិភាព ចេះតាមដានការសិក្សា ជាពិសេសត្រូវបញ្ជៀសឲ្យផុតពីកាសេពគ្រឿងញៀន ។

លោក ផុន សុភា អគ្គនាយកសាលា អេស អី ឌី បានបញ្ជាក់ឲ្យដឹងថា សាលា អេស អ៊ី ឌី មានទីតាំងសរុបចំនួន០៦កន្លែង ហើយនៅស្រុកស្ទោងជាសាខាទី៣ នៅឆ្នាំនេះសាលាមានសិស្សសរុប៦៧៥នាក់ ស្រី៣៦៨នាក់។ ដែលសិក្សាចំណេះទូទៅខ្មែរ ភាសាអង់គ្លេសទូទៅ ប៉ាម៉ាគិតលេខរហ័ស (ចងចាំបានយូរ អភិវឌ្ឍន៍ខួរក្បាល) និងភាសាចិន ចំណេះទូទៅមត្តេយ្យសិក្សា ចំណេះទូទៅមធ្យមសិក្សាពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ សរុបចំនួន១៩នាក់ ស្រី០៨នាក់។ សិស្សភាសាអង់គ្លេសពេញម៉ោងសរុបចំនួន២៦៦នាក់ ស្រី ១៣២នាក់ សិស្សភាសាអង់គ្លេសក្រៅម៉ោងសរុបចំនួន ២៣៨នាក់ ស្រី១៤៦នាក់។ សរុបលទ្ធផលដំណាច់ឆ្នាំគ្រប់កម្រិតថ្នាក់ សិស្សឡើងថ្នាក់គិតជាភាគរយមានចំនួន៩៨% ហើយនៅឆ្នាំសិក្សាថ្មី សាលាមានទិសដៅបន្តធ្វើសកម្មភាព និង ការអភិវឌ្ឍន៍សាលារៀន ឲ្យមានសកម្មភាព និងទិសដៅជាច្រើន ដើម្បីឲ្យការងារអប់រំមានការរីកចម្រើន និងទទួលបានលទ្ធផលល្អ សមិទ្ធផលជាច្រើន ជំរុញការបង្រៀន និង រៀនឲ្យបានល្អគ្រប់មុខវិជ្ជា មានឥរិយាបថល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងគុណភាព និងសិស្សជាប់១០០% ។