ការចិញ្ចឹមត្រីក្នុងស្ទឹងសង្កែបំពុលបរិស្ថានដល់ទឹកស្ទឹង ជលផលបាត់ដំបង អត់ឈឺក្បាល

0

ខេត្តបាត់ដំបង ÷ បែចិញ្ចឹមត្រីយ៉ាងអនាធិបតេយ្យជាច្រើនកន្លែងតាមបណ្តោយដងស្ទឹងសង្កែនៅប៉ែកខាងលើទឹកកំពុងបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្នុងការបំពុលបរិស្ថានដល់ទឹកដងស្ទឹងសង្កែ ពិសេសប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃនៅប៉ែកខាងក្រោម។
ថ្មីៗនេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមន្រ្តីពាក់ព័ន្ធបាន ចុះពិនិត្យមើលដល់ទីតាំងខាងលើ នាចុងសប្តាហ៍កន្លងទៅនេះបានកត់សម្គាល់ ថា នៅប៉ែកខាងលើស្ទឹង ចាប់ពីចំណុចភូមិចិន រហូតដល់ភូមិកំពង់ពិល មានការចិញ្ចឹមត្រីជាច្រើនកន្លែង ដែលបានបង្កនូវការបំពុលទឹកស្ទឹងសង្កែ ឲ្យកខ្វក់ និងប៉ះពាល់ដល់ការរស់នៅ ផ្នែកខាងក្រោម និងអ្នកប្រើប្រាស់ទឹកស្ទឹង។
នៅក្នុងខណ:នោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជម្រុញឲ្យមន្ទីរជំនាញធ្វើរបាយការណ៍ ពីផលប៉ះពាល់មករដ្ឋបាលខេត្ត ដើម្បីមានវិធានការបន្ទាន់ក្មុងការទប់ស្កាត់ លុបបំបាត់ភាពអនាធិបតេយ្យដែលកំពុងកើតមានទាំងនេះ។
ទាក់ទងនឹងការចិញ្ចឹមត្រី បែបអនាធិបតេយ្យនេះដែរដែលកន្លងមកលោក ជួង សុភា ប្រធានខ័ណ្ឌរដ្ឋបាលជលខេត្តបាត់ដំបង ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា បែចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋចាប់ពីភូមិចិនទៅ មានប្រមាណជាង ៤០ ទីតាំង ដែលកំពុងចិញ្ចឹមត្រីប្រភេទ ទីឡាត្យា និងត្រីក្រហម រយ:ពេល ៥ឆ្នាំ មកហើយ មិនមានច្បាប់ទំលាប់នោះទេគ្រាន់តែជូន ដំណឹងអោយមន្រ្តីដឹង ប៉ុណ្ណោះ។
លោកបន្តថា មុនដំបូងពួកគាត់ចិញ្ចឹមតិចតួចទេ យូរទៅចេះតែពង្រីកការ ចិញ្ចឹមត្រីកាន់តែច្រើនគ្រួសារ តែជាប្រភេទបែតូចៗនោះទេ គឺក្នុងបែមួយមាន ការចិញ្ចឹមត្រី ប្រហែល៥០០០ក្បាលប៉ុណ្ណោះ។ ហើយលោកក៏បានទទួលស្គាល់ថា ការចិញ្ចឹមត្រីប្រើចំណីបែបនេះវាប៉ះពាល់ដល់ទឹកស្ទឹងខ្លះហើយ ដែលពីមុនទឹកហូរមិនសូវអីទេ ប៉ុន្តែបច្ចុប្បន្ន ក្រោយពីបានបិទទំនប់ស្ទាក់ទឹក នៅសាលាតាអន ក្នុង ស្រុកឯកភ្នំ រួបមក ទឹកមិនសូវហូរវាប៉ះពាល់គុណភាពទឹកហើយ។
បើទោះបីជាលោកនាយខ័ណ្ឌរដ្ឋបាលជលផល ធ្លាប់បានបញ្ជាក់ថា នឹងអនុវត្តន៍តាមការណែនាំរបស់រដ្ឋបាលខេត្ត គឺក្រោយពីពួកគាត់ប្រមូល ផលត្រីរួចហើយនៅមុនចូលឆ្នាំខ្មែរ នឹង អោយរុះរើលែងអោយចិញ្ចឹមទៀតហើយក៏ដោយ ក៏ប្រភពជាច្រើនបានលើកឡើងថា នៅក្នុងចំនួនជាង៤០បែ បើការសន្យថា នឹងប្រមូលផលនៅមុនពេលចូលឆ្នាំ ចុះបើបែពាក់កណ្តាលចាប់ផ្តើមប្រមូលផល ហើយចំនួនបែពាក់កណ្តាលទៀតទើបព្រលែងកូនត្រីចូល តើលោកនាយខ័ណ្ឌត្រូវបន្តរង់ចាំអោយត្រីធំទើបប្រមូលផលដែរឬយ៉ាងណា? ដោយមជ្ឈដានទាំងនោះបានសង្កត់ធ្ងន់ថា វាអាចជាការត្រូវដង ត្រូវផ្លែជាមួយមន្ត្រីរដ្ឋបាលជលផល ទើបអាចសុខសាន្តយ៉ាងនេះ ។ ជុំវិញបញ្ហានេះ កម្ពុជាថ្មី បានព្យាយាមទាក់ទងតាមរយ:ទូរស័ព្ទទៅលោក ជួង សុភា ជាច្រើលើក តែមិនអាចទទួលការហៅចូលបានទេ ៕ អត្ថបទ : ព្រាប.ស