សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបឈើអារពីរទីតាំង នៅស្រុកពីរផ្សេងគ្នា រឹបអូសបានឈើជាង ១០ម៉ែត្រគូបត្រីគុណ

0

ខេត្តព្រះវិហារ៖ ឈើអារប្រភេទលេខ១ និងលេខ២ មិនតិចជាង១៧ម៉ែត្រគូបត្រីគុណ ដែលឈ្មួញបានកាប់ និងដឹកជញ្ជូនយកមកស្តុកទុក រង់ចាំឱកាសល្អនឹងដឹកជញ្ជូនបន្ត នាំយកទៅលក់នៅក្រៅរង្វង់ដែនដីរដ្ឋបាលខេត្តព្រះវិហារនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ រួមទាំងអាជ្ញាធរនៅថ្នាក់មូលដ្ឋាន ចុះបង្ក្រាប និងរឹបអូសយកមករក្សាទុកជាសម្បត្តិរដ្ឋ។

ប្រតិបត្តិការចុះបង្ក្រាប និងរឹបអូសឈើអាររបស់ សមត្ថកិច្ចចម្រុះ និងអាជ្ញាធរដែនដីនោះ បានធ្វើឡើងនៅពេលវេលាពីរខុសគ្នា នៅពីរទីតាំងផ្សេងគ្នា នៅក្នុងស្រុកពីរ និងនៅពីរថ្ងៃដាច់ដោយឡែកពីគ្នា គឺ នៅក្នុងស្រុកជាំក្សាន្ត និងនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការចុះបង្ក្រាបឈើនៅក្នុងភូមិសាស្រ្ត ភូមិរុងរឿងបី ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ធ្នូ២០២២ កន្លងមកនេះ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រះរការ និងមន្ត្រីស្នាក់ការបរិស្ថានចល័តមរតកសែនជ័យ នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចុះបង្ក្រាប និងរឹបអូសឈើអារ ដែលឈ្មួញដឹកយកមស្តុកទុក ត្រៀមដឹកចេញយកទៅធ្វើជំនួញនោះ បានប្រមាណ ១២ម៉ែត្រគូបត្រីគុណ។

ប្រតិបត្តិការនោះ បានដឹកនាំដោយ លោកវរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការអាវុធហត្ថស្រុកជាំក្សាន្ត បានបង្ក្រាបទីតាំងស្តុកឈើរបស់ឈ្មោះ ទេស វណ្ណេត ដែលគេសង្ស័យថា គឺជាមេឈ្មួញដុះស្លែប្រចាំស្រុកជាំក្សាន្ត។

ក្រោយការបង្ក្រាប និងរឹបអូសនោះមក ឈើដែលមានចំនួនមិនតិចជាង ១២ម៉ែត្រគូបត្រីគុណនោះ ត្រូវបានដឹកជញ្ជូនយកទៅរក្សាទុកនៅ ស្នាក់ការបរិស្ថានចល័ត មរតកសែនជ័យ (អូរជុញ) នៃស្រុកជាំក្សាន្ត ដើម្បីបន្តនីតិវិធីតាមច្បាប់។

ដោយឡែក ការបង្ក្រាបទីតាំងស្តុកឈើ នៅក្នុងភូមិសាស្ត្រ ភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ធ្នូ ម្សិលមិញនោះ បានដឹកនាំដោយ អភិបាលស្រុកឆែប លោក ឡង់ សុបិន ដែលមានការចូលរួមពី នាយរងផ្នែករដ្ឋបាលព្រៃឈើឆែប លោក គង់ គឹមហួន ប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឆែប លោក ស៊ីម ឡូត និងកម្លាំងសមត្ថកិច្ចចម្រុះស្រុកឆែប ផងដែរ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបឈើ ដែលដឹកនាំដោយ អភិបាលស្រុកឆែប លោក ឡង់ សុបិន នោះ កម្លាំងសមត្ថកិច្ចចម្រុះ បានឈានទៅរឹបអូសឈើអារ ប្រភេទលេខ១ និងលេខ២ បានរាប់សិបកំណាត់ និងគោយន្តកន្ត្រៃដឹកឈើ២គ្រឿង នាំយកទៅរក្សាទុកជាសម្បត្តិរដ្ឋ។ រីឯឈើដែលរឹបអូសបាននៅក្នុងពេលនោះ តាមការឲ្យដឹង មានមិនក្រោមពី ៥ម៉ែត្រគូបត្រីគុណនោះទេ។

ក្រោយការបង្ក្រាប និងរឹបអូស ឈើអារដែលគេដាក់ពង្រាយនិងជាគំនរ និងឈើនៅលើគោយន្តកន្ត្រៃ ២គ្រឿងទៀត តាមការឲ្យដឹង មានមិនក្រោមពី ៥ម៉ែត្រគូបត្រីគុណនោះ ត្រូវបានមន្ត្រីជំនាញនាំយកទៅរក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីចាត់ការតាមច្បាប់ព្រៃឈើ។

ដូច្នេះ ការបង្ក្រាប និងរឹបអូសឈើនៅក្នុងស្រុកចំនួនពីរ គឺស្រុកជាំក្សាន្ត មានប្រមាណ ១២ម៉ែត្រគូបត្រីគុណ និងនៅក្នុងស្រុកឆែប មានប្រមាណ ៥ម៉ែត្រគូបត្រីគុណនោះ សរុបទាំងពីរស្រុក មានមិនក្រោមពី ១៧ម៉ែត្រគូបត្រីគុណនោះទេ។ រីឯចំនួនឈើជាក់លាក់ សមត្ថកិច្ចមិនទាន់បានធ្វើការវាស់វែងនៅឡើយ៕ ដោយ៖ឡុង សំបូរ