លោក ឡាយ ស៊ីលី បានណែនាំដល់អ្នកទទួលម៉ៅការធ្វើផ្លូវបេតុងប្រកបដោយបទដ្ឋានបច្ចេកទេស ធ្វើកិច្ចសន្យាដើម្បីធានាបាននូវគុណភាពខ្ពស់ និងប្រើប្រាស់បានយូរអង្វែង

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២
លោក ឡាយ ស៊ីលី អភិបាលរងស្រុក តំណាងលោក សាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំបើកការដ្ឋានផ្លូវបេតុងអាមេមួយខ្សែពីភូមិបន្ទាយស្ទោងទៅភូមិកុកគ្រូស ដែលមានប្រវែង១០.៩៩៥ម៉ែត្រ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនេះដែរលោកអភិបាលស្រុក បានណែនាំដល់អ្នកទទួលម៉ៅការ ត្រូវធ្វើផ្លូវបេតុងផ្លូវថ្មីនេះ ទៅតាមបទដ្ឋានបច្ចេកទេស និងធ្វើកិច្ចសន្យាឲ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាព ល្អរឹងមាំនិងប្រើប្រាស់បានយូរអង្វែង។ ត្រូវអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមតាមដានត្រួតពិនិត្យការសាងសង់ឲ្យបានត្រូឹមត្រូវពីព្រោះផ្លូវនេះជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ហើយបានណែនាំ ដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវធ្វើសំណើ និងសុំការអនុញ្ញាតជាមុនពីអាជ្ញាធរមុននឹងសាងសង់សំណង់ផ្សេងៗ ដើម្បីអនុវត្តតាមបទដ្ឋានគតិយុត្តិ ស្តង់ដារសំណង់ សោភ័ណភាព និងបរិស្ថានបានល្អប្រសើរ។

ជាមួយគ្នានេះ លោក ឡាយ ស៊ីលី បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការជឿជាក់ដល់គោលនយោបាយ និងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ជាពិសេសការសាងសង់ហេដ្ឋារចនាសម្ព័នច្រើនស្អេកស្កះទាំងនៅទីក្រុងដល់ជនបទ។ លើសពីនេះ លោកអភិបាលស្រុកស្ទោង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវនាំគ្នាទៅធ្វើអត្តសញ្ញាណប័ណឱ្យបានគ្រប់ៗគ្នា ដើម្បីប្រើប្រាស់តាមតម្រូវការ សូមអញ្ជើញចូលរួមទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកក្កដាបោះឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

ជាចុងក្រោយលោក ឡាយ ស៊ីលី អភិបាលរងស្រុក ស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមសហការសាងសង់ ថែរក្សាផ្លូវ សមិទ្ធផលនានាក្នុងមូលដ្ឋានឲ្យបានល្អប្រសើរក្នុងនាមយើងជាអ្នកទទួលផលជាក់ស្តែង។ សូមឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ចូលរួមផ្សព្វផ្សាយពីភូមិ/ឃុំមានសុវត្ថិភាពដល់បងប្អូនជាពលរដ្ឋ។ដើម្បីឲ្យមានសុវត្ថិភាពនៅក្នុងមូលដ្ឋានប្រកបដោយការទទួលខុសត្រូវខ្ពស់។