ពលរដ្ឋដែលមានជីវភាពខ្វះខាត់ចំនួន១០០គ្រួសារ ទទួលអំណោយមនុស្ស ពីព្រះចៅអធិការវត្តភ្នំយ៉ាត និងលោកបណ្ទិត វ៉ារ៉ុត អ៊ាមភិគុណ តំណាងសប្បុរសជនថៃ

0

(ប៉ៃលិន)៖ ដោយមើលឃើញពីភាពខ្វះខាត ក្នុងជីវភាពប្រចាំ និងសម្រាលទុក្ខលំបាករបស់បងប្អូនមួយចំនួន កាលពីពេលថ្មីៗនេះ ក្រុមការងារលោកបណ្ទិត វ៉ារ៉ុត អ៊ាមភិគុណ និងព្រះគ្រូ រិន ផល្លា ព្រះចៅអធិការវត្តគីរីរតនារាមភ្នំយ៉ាត បានចុះចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ដែលរស់នៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បើតាមព្រះគ្រូ រិន ផល្លា ព្រះចៅអធិការវត្តគីរីរតនារាមភ្នំយ៉ាត ហៅវត្តភ្នំយ៉ាត បានមានថេរដីការថា៖ដោយមើលឃើញការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋក្នុងខេត្តយើង ព្រះអង្គក៍បានកៀរគរសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកា។ ជាមួយគ្នានេះ ផ្តើមចេញពីស្ថានភាព របស់បងប្អូន ទើបយើងមានលទ្ធភាពចែកជូននាពេលនេះ និងបន្តចែកជូនប្រជាពលរដ្ឋនៅពេលខាងមុខទៀត ។ជាមួយគ្នានេះព្រះគ្រូចៅអធិការវត្ត មានថេរៈដីការ  ក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាក់ទងនឹងវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុង សហគមន៍ ត្រូវថែរក្សាអនាម័យជាប្រចាំ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែល ឬអាល់កុល ប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឱ្យបានជាប់ជានិច្ច និងត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

លោកបណ្ទិត វ៉ារ៉ុត អ៊ាមភិគុណ តំណាងសប្បុរសជន ជាជនជាតិថៃ បានឲ្យដឹងថា៖ ដោយ​មើលឃើញការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងខេត្តយើងបានកៀរគរសប្បុរសជន ក្រុមហ៊ុន សហគ្រាស ចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកា ចែកជូនបងប្អូននាពេលនេះ ថ្វីត្បិតតែអំណោយទាំងនេះមិនច្រើន តែក៏អាចជួយសម្រាលបន្ទុក នូវការលំបាកក្នុងរយៈពេលខ្លី ដល់បងប្អូនផងដែរ ហើយលោកក៍បានសន្យាថានិងបន្តចែកអំណោយជូនបងប្អូនបន្តទៀត។

ប្រជាពលរដ្ឋទាំង១០០គ្រួសារ បានបង្ហាញនូវស្នាមញញឹម ព្រមទាំងថ្លែងអំណរគុណ ព្រះសង្ឃ លោក លោកស្រី និងក្រុមការងារលោកបណ្ទិត វ៉ារ៉ុត អ៊ាមភិគុណ​ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងពុទ្ឋពរទាំង៤ប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូនពលរដ្ឋទាំង១០០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ សារ៉ុង ត្រីខ និងថវិកាមួយចំនួន ជាមួយគ្នានេះក៍មានការប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការវត្តចំនួន២គឺវត្តភ្នំយ៉ាត និងវត្តបេងសុវណ្ណារាម ហៅវត្តបេង ឃុំស្ទឹងកាច់ផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន