ការសិក្សា គឺជាមាគ៌ាតែមួយគត់ ដែលបានរុញច្រានមនុស្សគ្រប់ៗរូបឱ្យរួចចាកផុតពីភាពអវិជ្ជា និងទទួលបាននូវអនាគតដ៏ល្អត្រចះត្រចង់

0

ឧត្តរមានជ័យ: ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ ដែលបានរៀបចំឡើងនៅសាលាបឋមសិក្សាសំរោង ស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

អង្គពិធីដ៏ឱឡារិកនាឱកាសនោះ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះតេជគុណជាតំណាងវិស័យព្រះពុទ្ធសាសនា ប្រធានការិយាល័យ មន្ត្រីការិយាល័យអប់រំយុវជន និងកីឡា នាយកសាលាក្នុងកម្រង់សាលាបឋមសិក្សាសំរោង គណៈកម្មាការទ្រទ្រង់សាលា លោកចៅសង្កាត់ មេភូមិ លោកអធិការរងនគរបាលក្រុង តំណាងមាតិបិតាអាណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្សមកពីតាមបណ្តាសាលាក្នុងកម្រងយ៉ាងច្រើនកុះករ។

ការបើកបវេសនកាលនាព្រឹកនេះ ក៏បានអនុវត្តន៍តាមរបៀបវារៈដែលបានគ្រោងទុក នៅក្នុងនោះរួមមាន ការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងពង្សសាវតាខ្មែរ ការកាត់ខ្សែបូរសម្ភោធដាក់ឱ្យប្រើប្រាស់ក្លោងទ្វារសាលាបឋមសិក្សាសំរោង ដែលជាសមិទ្ធិផលថ្មីស្រឡាងនៅក្នុងសាលាក្រោមការដឹកនាំផ្តួចផ្តើមរបស់លោកនាយកសាលានិងការចូលរួមពីមាតាបិតាអាណាព្យាបាលសិស្ស សប្បុរសជន។ នៅក្នុងនោះផងដែរ ក៏មានការសម្តែងផ្ទាំងទស្សនីយភាពជូនអង្គពិធីទស្សនាដែលរួមមាន ការសម្តែងរបាំជូនពរ ការសម្តែងរបាំនារីជាជួរ និងការសម្តែងចម្រៀងកាយវិការ ត្រង់វគ្គ “នំធំជាងនាឡិ” និងទទួលបានថវិកាឧបត្ថម្ភពីលោកអភិបាលក្រុង សប្បុរសជនផងដែរ។

តាមរយៈរបាយការណ៍របស់លោកប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងសំរោង បានឱ្យដឹងថា នៅទូទាំងក្រុងសំរោង មានសាលារៀនគ្រឹះស្ថានសិក្សារដ្ឋ ចំនួន ៥៧សាលា ដែលនៅក្នុងនោះចែកចេញជា មត្តេយ្យក្នុងបឋមសិក្សា ១៧សាលា មត្តេយ្យសិក្សាសហគមន៍ ២០កន្លែង បឋមសិក្សា ៤៦សាលា អនុវិទ្យាល័យចំនួន ៦សាលា វិទ្យាល័យចំនួន ២សាលា។ ក្រៅពីនេះ មានគ្រឹះស្ថានសិក្សាឯកជនសរុបទាំងអស់ ១៤សាលា ក្នុងនោះមានសាលាចំណេះទូទៅចំនួន ១១សាលា និងកម្រិតវិទ្យាស្ថាន ចំនួន ០៣សាលា។ លោកប្រធានការិយាល័យបានបន្តថា ក្នុងយទ្ធនាការប្រមូលកុមារអាយុ ៦ឆ្នាំ ឬ ៧០ខែឱ្យចុះឈ្មោះចូលរៀន ទទួលបានកុមារចូលរៀនថ្មី ចំនួន ១,០៣៣នាក់ ស្រី ៥២៨នាក់ ស្មើនឹង ៧៧,២២% ធៀបនឹងកុមារសរុប ១,៣៩៣នាក់ ដែលនៅសល់ ៣៦០នាក់ទៀត នៅបន្តទទួលការចុះឈ្មោះចូលរៀនជាបន្តទៀត ដែលថ្ងៃនេះ គឺជានិមិត្តរូបនៃការចាប់ផ្តើមចូលរៀនឡើងវិញរបស់ប្អូនៗ ក្មួយៗសិស្សានុសិស្ស។

លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង បានថ្លែងនូវការអានខ្លឹមសារដើមទាំងស្រុង ដែលជាសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវសនកាលឆ្នាំសិក្សា ២០២២-២០២៣។ សរុបលើខ្លឹមសារដោយសង្ខេប នៅក្នុងនាមជានាយករដ្ឋមន្ត្រីសម្តេច សូមថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរជន គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានាបាននូវដំណើរការរៀន និងបង្រៀនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល តាមគ្រប់រូបភាពក្នុង អំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។ ការអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវ “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ” ដែលក្នុងនោះសម្តេច បានចាត់ទុកអាយុជីវិតរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្សជាកត្តាអាទិភាព, ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ, និងការរៀបចំដំណើរការអប់រំ រួមទាំងប្រព័ន្ធអប់រំ ដែលមានភាពធន់ និងឆ្លើយតបទៅនឹងវិបត្តិ។ បន្ថែមលើនោះ សម្តេចនាយក បានជម្រុញដល់កុមារ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗ ចៅៗ ជាសិស្សានុសិស្ស ជាកុលបុត្រ កុលធីតា ជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា ចាប់ពីថ្ងៃទី០២ ខែមករា នេះតទៅនៅក្នុង “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ”។

លោក ផុន ចាន់និល អភិបាលក្រុងសំរោង មានប្រសាសន៍សំណេះសំណាលបន្ថែម ដោយថ្លែងនៅក្នុងអង្គពិធីបើកបវេសនកាលនាថ្ងៃនេះ បានរំលេចឡើងអំពីគុណតម្លៃនៃការខិតខំប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយចិត្ត របស់នាយកសាលា លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាលសិស្សទាំងអស់ ក្នុងការជំរុញឱ្យកូនៗបានមកចូលរៀន ព្រោះថា មានតែការសិក្សារៀនសូត្រ ដែលជាមាគ៌ាតែមួយគត់ ដែលបានរុញច្រានមនុស្សគ្រប់ៗរូបឱ្យរួចចាកផុតពីភាពអវិជ្ជា និងទទួលបាននូវអនាគតដ៏ល្អត្រចះត្រចង់ ដែលស័ក្តិសមស្របតាមគុណតម្លៃ “ការអប់រំពេញមួយជីវិត”។

នៅចុងបញ្ចប់នៃពិធី លោកអភិបាលក្រុង និងគណៈអធិបតី ភ្ញៀវកិត្តិយសទាំងអស់ បានប្រគល់ប័ណ្ណសរសើរជូនដល់ក្មួយៗសិស្សានុសិស្សដែលបានទទួលចំណាត់ថ្នាក់ល្អក្នុងការសិក្សា រួមទាំងលោកគ្រូ អ្នកគ្រូ ដែលមានស្នាដៃល្អក្នុងការបង្រៀន ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្នាមញញឹមគ្រប់ៗគ្នា៕ដោយ:ចាន់ ធី