បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣នៅបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖បវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៣ បានបើកបន្ទាប់ពីស្នូរជួងបានបន្លើឡើងបញ្ជាក់ថា៖ជាថ្ងៃចូលរៀនដំបូងរបស់សិស្សានុសិស្សនាថ្ងៃនេះចំនាថ្ងៃច័ន្ទទី ២ ខែមករាឆ្នាំ ២០២៣ ដែលមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានរៀបចំឡើងនៅសាលាបឋមសិក្សាសូភី ក្នុងក្រុងសិរីសោភ័ណ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានលើកឡើងថា៖ថ្ងៃនេះគឺមានអត្ថន័យធំធេងប្រកបដោយមោទនភាព សុទិដ្ថិនិយម ជំនឿជាក់ នាំមកនៅភាពសប្បាយរីករាយរបស់សិស្សានុសិស្សទូទាំងខេត្តបន្ទាយមានជ័យ អបអរសាទរថ្ងៃ ២ មករា នៃបវេសនកាលដែលបានឆ្លុះបញ្ចាំង ដាស់រំលឹកដល់សិស្សានុសិស្ស អាណាព្យាបាល អំពីការចាប់ផ្ដើមសិក្សាថ្មី ២០២៣ ចាប់ពីថ្ងៃនេះរហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៣ ដូចនេះការសិក្សាពិតប្រាកដមានតែ ៣៨ សប្តាហ៍ប៉ុណ្ណោះ។ ចំនួន ៣៨ សប្តាហ៍គឺជាថេរៈវេលាខ្លី ដែលយើងទាំងអស់គ្នាជាសិស្សត្រូវតែខិតខំប្រឹងប្រែងប្រមូលផ្ដុំកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី និងឆន្ទៈមោះមុត គិតគូស៊ីជម្រៅនិងបោះជំហានទៅមុខព្រមៗគ្នា ដើម្បីបុព្វហេតុនៃការអប់រំសម្រាប់ទាំងអស់គ្នា ដើម្បីកុមារាកុមារី សិស្សានុសិស្សដែលនិងធានាឲ្យពួកគេខ្លាចជាកូនល្អ សិស្សល្អ មិត្តល្អនិងពលរដ្ឋល្អ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានអាននៅសាលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនាឆ្នាំ ២០២៣នេះ ដោយមានខ្លឹមសារបញ្ជាក់ថា ដោយឆ្លងកាត់ដំណាក់កាលដ៏លំបាក ដែលប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងតាមរយៈការចាក់វ៉ាក់សាំងជូនដល់បុគ្គលិកអប់រំ សិស្សានុសិស្សបានយ៉ាងហោចចំនួន៣ដូស បានធ្វើឱ្យយើងបានរៀនសូត្រយ៉ាងមានប្រសិទ្ធភាព នូវគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំដែលក្នុងនោះ យើងបានចាត់ទុកអាយុជីវិតរបស់បុគ្គលិកអប់រំនិងសិស្សានុសិស្សជាកត្តាអទិភាព ការអនុវត្តយ៉ាងខ្ចាប់ខ្ជួននូវវិធានការ៣កុំ៣ការពារ ដើម្បីធានាបាននៅសុវត្ថិភាពក្នុងការរៀនសូត្ររបស់សិស្សានុសិស្សយើង។

សាលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម អ៊ុំ រាត្រី បានជំរុញមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប សូមនាំកូននាំចៅ មកចុះឈ្មោះចូលរៀន, និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងជួយបង្រៀនបន្ថែមដល់កូន ដល់ចៅ តាមគ្រប់រូបភាព ។ហើយគ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី យុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការ អប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែបានឈានទៅ ដល់គ្រប់ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។

ចុងក្រោយគណៈអធិបតីបានចែកជូនប័ណ្ណសរសើរដល់សិស្សានុសិស្សរៀនពូកែ ព្រមទាំងផ្ដល់ជូននូវសៀវភៅ បុិចដល់សិស្ស ព្រមទាំងចែកជូនសារុងដល់លោកគ្រូអ្នកគ្រូផងដែរ។ដោយ៖ឃិន គន្ធា