ឯកឧត្តម អ៊ុន បុត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យស្ទឹងសែន

0

កំពង់ធំ÷ ឯកឧត្តម អ៊ុន ប៊ុត្ត អភិបាលរងខេត្តកំពង់ធំឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត លោកនាយកសាលាលោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន មាតាបិតាសិស្ស និងសិក្សាអនុស្សប្រមាណជាង១.០០០នាក់ បានអញ្ជើញ ចូលរួមក្នុងកម្មវិធីបើបវេសនកាលឆ្នាំសិក្សា២០២២-១០២៣នៅវិទ្យាល័យស្ទឹងសែន ស្ថិតនៅភូមិពុកយ៉ុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានបានឡើងធ្វើរបាយការណ៍ពីស្ថានភាពទូទៅក្នុងវិស័យអប់រំក្នុងខេត្តកំពង់ធំមាន÷ មានបុគ្គលិកអប់រំសរុបចំនួន៥.៣៥៤នាក់ ស្រី២.៦២៤នាក់។ សាលាមត្តេយ្យសិក្សារដ្ឋ ចំនួន២១៤កន្លែង ស្មើ៣២៩ថ្នាក់ ។ មត្តេយ្យសិក្សាសហគមន៍នៅក្នុងខេត្តសរុបមាន ចំនួន១៩៥កន្លែង។ មត្តេយ្យសិក្សាឯកជនសរុបមាន ចំនួន២៩កន្លែង។ សាលាបឋមសិក្សា ចំនួន៤៩៤សាលា ស្មើ៣.៤០០ថ្នាក់ ចែកចេញជា៧៧កម្រង។ អនុវិទ្យាល័យចំនួន៦៧សាលា។ វិទ្យាល័យចំនួន២៥សាលា ស្មើ៦៤៦ថ្នាក់ សិស្សសរុបរួមនៅគ្រឹះស្ថានសិក្សាសាធារណៈមានចំនួន១៥៨.៦៩៥នាក់ កន្លងទៅនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និង មធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយរលូន ស្របតាមគោលករណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ក្នុងនោះសម្រាប់ ខេត្តកំពង់ធំ ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម អ៊ុន ប៊ុត្ត អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២២-២០២៣នេះ ទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុកគឺ ក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តដឹកនាំអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលនូវទស្សនាទាន គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ដោយត្រូវធានាផ្ដល់សេវាអប់រំ ដែលមានភាពធន់រស់រវើក និងភាពឆ្លើយតប។ អ្នកពាក់ព័ន្ធ ត្រូវបន្តអនុវត្ត និងគាំទ្រដល់ ការអប់រំតាមបែប ឌីជីថល” ដើម្បីឱ្យកម្ពុជាអាចឈាន និងឆ្លើយតបទៅនឹងសភាពការណ៍ជាតិតំបន់ និងសកលលោក។ ត្រូវបន្តអភិវឌ្ឍសមត្ថភាព និងកសាងប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ មានភាពរស់រវើក មានគណនេយ្យភាព និងកាន់តែធានាបាននូវភាពស័ក្ដិសិទ្ធនៃការដឹកនាំ និង គ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសការគ្រប់គ្រងនៅកម្រិតសាលារៀន។ ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធាន មនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល និងប្រកបដោយជំនាញក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ។ត្រូវបន្តការយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន ទាំងសុខុមាលភាពក្នុង ការបំពេញការងារ ក៏ដូចជាការលើកកម្ពស់គុណវុឌ្ឈគ្រូបង្រៀននៅគ្រប់កម្រិត ជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យាទំនើប។

ឯកឧត្តមក៏បានបន្តទៀតថា ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀននិងរៀន ដើម្បីឱ្យសាលារៀនរបស់យើង ក្លាយទៅជាសាលាកុមារមេត្រីកម្រិតអភិវឌ្ឍន៍ ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនរបស់ សហគមន៍ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ គ្រប់គ្រឹះស្ថានសិក្សា សូមបន្តលើកកម្ពស់សុខភាពសិក្សា និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដោយបន្តអនុវត្តតាមអភិក្រម (៣កុំ ៣ការពារ) ជាពិសេស ត្រូវមានយន្តការ និងវិធានការឆ្លើយតប ភ្លាមៗ ទៅនឹងប្រធានស័ក្ដិនានា។ គ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង ឱ្យស័ក្តិសមជា ទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ។ លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឳពុកម្តាយទី២ ជាមគ្គុទ្ទេសក៍, ជាអ្នកស្រាវជ្រាវ, ជាទីប្រឹក្សា, និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព របស់ខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកទេសព័ត៌មាន និងភាសាបរទេស។

ឯកឧត្តម អ៊ុន ប៊ុត្ត អភិបាលរងខេត្តកំពង់ធំ បានផ្ដាំផ្ញើសូមក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបាន ខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សស្រាំក្នុង “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើ អបាយមុខផ្សេងៗ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួម និងគាំទ្រឱ្យកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ អំពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប សូមនាំកូននាំចៅ មកចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងជួយបង្រៀនបន្ថែមដល់កូន ដល់ចៅ តាមគ្រប់រូបភាព។ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការ អប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែបានឈានទៅ ដល់គ្រប់ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។