ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ផ្តាំផ្ញើសិស្សានុសិស្សខិតខំសិក្សា និងចៀសពីទង្វើខុសច្បាប់ ដើម្បីអនាគតភ្លឺថ្លា

0

(ប៉ៃលិន)៖ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បានផ្តាំផ្ញើសិស្សានុសិស្សខិតខំក្រេបជញ្ជក់ចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ឱ្យបានជ្រៅជ្រះ និងសូមឱ្យក្មួយៗប្រុងប្រយ័ត្ន គេចឱ្យឆ្ងាយពីសកម្មភាពមិនគប្បី និងឥទ្ឋិពលអវិជ្ជមានទាំងឡាយ ដែលបានកើតមានក្នុងសង្គម ដូចជា ការលេ​ងល្បែងស៊ីសង ការប្រព្រឹត្តអំពើពាលាអាវាសែ ការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តបទល្មើសផ្សេងៗ ក្មេងទំនើង បងតូចបងធំ និងទង្វើខុសច្បាប់ផ្សេងៗ ដើម្បីអនាគតដ៏ ភ្លឺថ្លាត្រចះត្រចង់ នាពេលអនាគត សមនឹងពាក្យស្លោក “ទំពាំងស្នងប្ញស្សី យុវជនប្រុសស្រីស្នងជាតិ”។

ការផ្តាំផ្ញើបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ក្នុងពិធី បើកបវសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្មប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយពិធីមានការអញ្ជើញចូលរួមពីឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រមណ្ទលប៉ៃលិន និងលោក សុខ ពិសី អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងលោកស្នងការខេត្ត មេបញ្ជាការប្រចាំទិស ប៉ៃលិន-សំឡូត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីតាមមន្ទីរ ស្ថាប័នជំវិញខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស សរុបជាង២០០០នាក់។

បន្ទាប់ពីលោក សុខ ពិសី អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឡើងអានសារលិខិតទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ស្តីពីពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ រួចមក ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ក៍បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ និងរៀនដោយយកចិត្តទុកដាក់ ដើម្បីទទួលបាននិទ្ទេសល្អ ជោគជ័យក្នុងជីវិត និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ចូលរួមផ្សព្វផ្សាយបន្ថែម ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន ជាកង្វល់ដ៍ធំ សម្រាប់យើងទាំងអស់គ្នា។ឯកឧត្តមប្រធានក្រុមការងារ ក៍បានជំរុញដល់លោកគ្រូ អ្នកគ្រូ សូមជួយធ្វើការផ្សព្វផ្សាយអំពីបញ្ហា និងការប៉ះពាល់គ្រឿងញៀនផងដែរ ជាចុងក្រោយឯកឧត្តម ក៍បានអំពាវនាវដល់បងប្អូនទាំងអស់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវចូលរួមចាក់វ៉ាក់សាំងដូសជំរុញ(ដួសទី៦) ព្រោះសម្តេចតេជោ បានបើកឲ្យយើងចាក់វ៉ាក់សាំងដួសទី៦ហើយ ចំពោះការនេះគឺដោយសាររហូតមកដល់ពេលនេះ ជំងឺកូវីដ មិនទាន់ទៅណាឆ្ងាយពីយើងទាំងអស់គ្នានោះទេ។

បើតាមលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា៖ ឆ្នាំសិក្សាថ្មី២០២២-២០២៣នេះ គ្រឹះស្ថានសិក្សាទូទាំងខេត្តនឹងដំណើរការរៀន និង បង្រៀន មធ្យមសិក្សាចំនួន០៩កន្លែង ក្នុងនោះវិទ្យាល័យចំនួន០៣ និងអនុវិទ្យាល័យចំនួន០៦កន្លែង ដែលមានសិស្សសរុប ៦.៣១០ នាក់ ស្រី ៣.៣៣៥ នាក់។ បឋមសិក្សាចំនួន ៤៨ សាលា ដែលមានសិស្សសរុប ៨,៨៨៦ នាក់ ស្រី ៤.៥១៥នាក់ (ក្នុងនោះសិស្សគ្រប់អាយុចុះឈ្មោះចូលរៀនថ្នាក់ទី១ចំនួន ១.៤៥០នាក់ ស្រី ៧៤៦នាក់)។ មត្តេយ្យសិក្សាសាធារណៈចំនួន ២៥សាលា ដែលមានសិស្សចុះឈ្មោះចូលរៀនថ្មី សរុប ៥៣២នាក់ ស្រី២៩៤នាក់ផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន