ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​ផ្តល់​កាមេរ៉ាវីដេអូរ ដល់មន្ទីរព័ត៌មានចំនួន ៦ខេត្ត

0

កំពង់ចាម​:​ ឆ្លៀតក្នុងឱកាស ចុះបំពេញបេសកកម្ម នៅក្នុងខេត្តកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អមដំណើរដោយ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បាននាំយកកាមេរ៉ាវីដេអូរ ចំនួន ០៦គ្រឿង ផ្ដល់ជូនមន្ទីរព័ត៌មាន ចំនួន ៦ខេត្ត រួមមាន ÷ មន្ទីរព័ត៌មានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប ក្រចេះ និងខេត្តស្ទឹងត្រែង ។ ដែលពិធីប្រគល់សម្ភារៈទាំងនេះ ត្រូវបានរៀបចំឡេីងនៅមន្ទីរព័ត៌មាន ខេត្តកំពង់ចាម នាល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ។

នាឱកាសនោះដែរ​ ឯកឧត្តម ខៀវ ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា នេះគឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក៏ដូចជា ការជួយ សម្រួលដល់មន្ទីរព័ត៌មាន ជាពិសេស មន្ត្រីជំនាញរបស់មន្ទីរនីមួយៗ ក្នុងការចុះយកព័ត៌មានរូបភាព ដើម្បី ធ្វើការផ្សព្វផ្សាយ ផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើ ចំពោះ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានទាំងអស់ បន្ទាប់ពីទទួលនូវសម្ភារៈទាំងនេះហេីយ​ សូមណែនាំដល់មន្ត្រីជំនាញរបស់ខ្លួន ឱ្យយកចិត្តទុកដាក់ថែទាំ ឲ្យបានគត់ហ្មត់ និងទុកដាក់ឲ្យបានត្រឹមត្រូវ ថ្វីក្បិតតែ វាជាគ្រឿងអេឡិចត្រូនិច ប្រសិនបើ អ្នកប្រើប្រាស់ ចេះថែទាំបានល្អប្រសើរ នោះវានឹងជួយសម្រួល ដល់ការប្រើប្រាស់របស់យើង បានយូរអង្វែង ។
លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ក្នុងនាម មន្ទីរព័ត៌មានខេត្ត ទាំង ៦ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខៀវ ញារីទ្ធ ដែលបានផ្ដល់នូវកាមេរ៉ាវីដេអូរ សម្រាប់មន្ទីរទុកប្រើប្រាស់ ជាពិសេសការចុះយកព័ត៌មាន អំពីសមិទ្ធផលនានា ក៏ដូចជាសកម្មភាពផ្សេងៗ របស់អាជ្ញាធរ និងរាជរដ្ឋាភិបាល នៅក្នុងមូលដ្ឋាន  ដើម្បី យកទៅផ្សព្វផ្សាយ បង្ហាញទៅដល់សាធារណជនឲ្យបានជ្រួតជ្រាប ផងដែរ ។ នេះឱកាសនោះក្នុងនាមមន្ទីរព័ត៌មាន ទាំង ៦ខេត្ត លោកស្រីសមផល្លាក៏បានគោរពជូនពរ ដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន​ សូមឲ្យទទួលបានសេចក្ដីសុខចំរើន ប្រកបដោយពរទាំងប្រាំប្រការ គឺ ÷ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមជម្រាបថា អំណោយដែល ឯកឧត្តម ខៀវ ញារីទ្ធ ផ្ដល់ជូនមន្ទីរព័ត៌មាន ទាំង ៦ខេត្ត រួមមាន ÷ កាមេរ៉ាវីដេអូរ ១គ្រឿង ជើងកាមេរ៉ា ១ កាបូបដាក់កាមេរ៉ា១ និង Memory ចំនួន ២ ផងដែរ​ ៕