បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រារព្ធទិវាមីទីងអបអរសាទរខួបលើកទី៤៤ឆ្នាំ នៃទិវាជ័យជន្នះ៧មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៣

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីមីទ្ទីង អបអរសាទរខួបលើកទី៤៤ឆ្នាំ នៃថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩- ៧មករា ឆ្នាំ២០២៣ នៅវិមានរំលឹកគុណយុទ្ធជនពលី ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។
ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដុតធូប និងគោរពដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតក្នុងភ្លើងសង្គ្រាម ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ទទួលបានជ័យជន្នះនៅថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ និងបានការពារមិនឲ្យរបបប្រល័យពូជសាសន៍នេះវិលត្រឡប់មកកាន់អំណាចជាថ្មីឡើងវិញបាន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអាបសន្ទរកថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៤ឆ្នាំ នៃជ័យជន្នះ ជាប្រវត្តិសាស្ត្រ របស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិខ្មែរឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា និងរបស់មនុស្សជាតិ ហើយយើងប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរៈយុទ្ធជន យុទ្ធនារី នៃរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា អ្នកស្នេហាជាតិទាំងឡាយ និងវីរៈយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ រហូតពលិកម្មអាយុជីវិត ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារីខៀវសុផន។
នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូម គោរព ចងចាំ និង ដឹង គុណ ជា និច្ច នូវ គុណូបការៈ ដ៏ ថ្លៃថ្លា របស់ វិរៈយុទ្ធ ជន យុទ្ធ នារី ដែលបានបូជាពលីជីវិតដេីម្បីបុព្វហេតុជាតិ មាតុភូមិ ហើយ យោធិន ដែល បាន ចូលរួមក្នុងអង្គមីទ្ទីងនៅពេលនេះបានអញ្ជើញទៅដុតធូបគោរពវិញ្ញាណក្ខន្ធ នៅតាមផ្នូរសពរបស់កម្មាភិបាលយុទ្ធជនពលី ដែលបានតម្កល់ទុកនៅវិមានរំលឹកគុណយុទ្ធជនពលីផងដែរ៕