កម្មវិធី”ដំណើរទេសចរណ៍ក្រោយគ្រងតំណែងជើងឯកពានរង្វាន់សម្តេចតេជោហ៊ុន សែន ៣សម័យកាលជាប់ៗគ្នានិងកម្មវិធីចែករំលែកក្តីស្រឡាញ់របស់ក្លឹបបាលទាត់វិសាខា” នៅបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖  នៅទីលានស្មៅសិប្បនិម្មិតមន្ទីរអប់រំ យុវជននិងកីឡាខេត្ត នាវិទ្យាល័យហ៊ុនសែនខ្លាកូន នាភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១០មករា២០២៣ មានរៀបចំកម្មវិធី”ដំណើរទេសចរណ៍ក្រោយគ្រងតំណែងជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ៣សម័យកាលជាប់ៗគ្នានិងកម្មវិធីចែករំលែកក្តីស្រឡាញ់របស់ក្លឹបបាលទាត់វិសាខា” ក៏បានធ្វើឡើងដែរនៅខេត្តបន្ទាយមានជ័យ ។

ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោកសូរ មុនីរ័តន៍ អនុប្រធានក្លឹបកីឡាបាល់ទាត់វិសាខា មានការចូលរួមពីលោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តនិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត មន្ត្រីរាជការ នាយក នាយករង លោកអ្នកគ្រូ សិស្សានុសិស្ស អ្នកពាក់ព័ន្ធរាប់រយនាក់។

កញ្ញាអ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លឹបកីឡាបាល់ទាត់វិសខាបានលើកពីរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលក្លឹបកីឡាបាល់ទាត់វិសាខា រដូវកាលឆ្នាំ២០២២ កន្លងមកថា: ក្លឹបដែលបង្កើតឡើងនៅឆ្នាំ២០១៦ ក្រោមការផ្តួចផ្តើមរបស់លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាមួយនេះមាន សកម្មភាព ស្នាដៃ សមិទ្ធផលយ៉ាងច្រើន ឆ្នើម ប្រសើរឡើងជាលំដាប់ ។

កញ្ញាបន្តថា ចំណែករដូវកាលចុងក្រោយ នាឆ្នាំ២០២២ ក្លឹបបានបង្កើតកំណត់ត្រាថ្មីសម្រាប់ក្រុមឈុតធំបន្ទាប់ពីការដណ្តើមបានជើងឯកពានរង្វាន់សម្តេចតេជោហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ហើយបានក្លាយជាក្លឹបដំបូងដែលបានគ្រងតំណែងជើងឯកពានរង្វាន់សម្តេចតេជោហ៊ុន សែន ៣រដូវកាលជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០២០,២០២១និង២០២២ ។
នេះជាជោគជ័យដ៏ធំធេងរបស់ក្លឹប ហើយជាកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងនាមក្រុមក្មេងខ្ចីជាងគេ តែវិសាខា បានគ្រងជើងឯកនេះបាន ។

កញ្ញាបានបន្តថា : រីឯពានរង្វាន់ Cambodia Premier League 2022 វិញ ទោះពួកខ្លួន មិនអាចសម្រេចគោលដៅគ្រងជើងឯកបាន
តែខ្លួនបន្តព្យាយាមនិងខិតខំរហូតដល់ទីបញ្ចប់ ។ពោលគឺសស្ទើរបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រសម្រាបក្លឹប បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន៤ជុំ ពោលគឺឆ្លងកាត់២៧ប្រកួត ស្មើ៤ប្រកួត និងចាញ់៧ប្រកួត រកបានពិន្ទុ៥២ ស្មើក្លឹបបាល់ទាត់ភ្នំពេញក្រោន។
តែដោយសាររូបមន្ត Head To Head ជាមួយក្លឹបភ្នំពេញក្រោម បានធ្វើអោយពួកខ្លួនយើង ទទួលបានត្រឹមជើងឯករង ក្នុងក្របខ័ណ្ឌ Cambodia Premier League 2022 ប៉ុណ្ណោះ ។

កញ្ញាអ៊ូ បញ្ញាសុកិត្យាបានបន្តថា : ក្រឡេកមកមើល ក្រុមយុវជនថ្នាលវិញ ក្រុមយុវជនU-18 របស់ខ្លួន បានគ្រងជើងឯកពានរង្វាន់ជម្រើសជើងឯកអាយុក្រោម១៨ឆ្នាំថ្នាក់ជាតិឆ្នាំ២០២២ ជាលើកដំបូង ក្រោយឈ្នះក្រុមយុវជនក្លឹបភ្នំពេញក្រោម ក្នុងវគ្គផ្តាច់ព្រ័ត្តិ ដោយលទ្ធផល៣-១ ។

ទន្ទឹមជាមួយជោគជ័យនិងផ្លែផ្ការបស់ក្រុមធំ ក៏ដូចជាក្រុមយុវជនថ្នាលនៃក្លឹបវិសាខា ក្រោមការចង្អុរបង្ហាញរបស់ថ្នាកើដឹកនាំក្លឹបដែលមានលោកស សុខា ជាស្ថាបនិកនិងលោកស្រីកែ សួនសុភី ជាប្រធានក្លឹប បានធ្វើអោយក្លឹបមានការរីកចម្រើនគួរអោយកត់សម្គាល់ទាំងក្របខ័ណ្ឌជាតិនិងអន្តរជាតិ រហូតដល់ទទួលការកោតសរសើរពីគ្រប់មជ្ឈដ្ឋានទៀតផង ។

សរុបមក ៧ឆ្នាំមកនេះ ក្លឹបបាល់ទាត់វិសាខា បានកកើត អភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងធនធានមនុស្ស។
ហើយបច្ចុប្បន្នក្លឹប ក៏បាននឹងកំពុងសម្រួចការរៀបចំយ៉ាងល្អដើម្បីបន្តប្រកួតប្រជែងក្នុងរដូវកាលថ្មី ពិសេសអភិវឌ្ឍន៍ធនធានយុវជន ក្រុមបាល់ទាត់នារី ក្រុមឈុតធំ ដើម្បីរួមចំណែកធ្វើអោយវិស័យកីឡាបាល់ទាត់ជាតិកាន់តែរីកចម្រើននិងឆ្ពោះទៅរកភាពស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិផងដែរ ។

តមក គ្រូបង្វឹកនិងក្រុមកីឡាករ ក្រុមបង្វឹកថ្មីបានធ្វើសកម្មភាពហ្វឹកហាត់ សមប្រកួតនិងធ្វើកម្មវិធីចែករំលែកក្តីស្រឡាញ់របស់ក្លឹបកីឡាបាល់ទាត់វិសាខា ជាមួយគណ:អធិបតី ភ្ញៀវនិងទស្សនិកជន(គ្រូ សិស្សានុសិស្សវិទ្យាល័យហ៊ុន សែនខ្លាកូន )រាប់រយនាក់ ៕ដោយ៖ឃិន គន្ធា