លោកជំទាវ ប៊ន សុភី លោក ប្រាក់ សោភ័ណ្ឌ បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុង ឃុំស្វាយ​ ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង :នៅព្រឹកថ្ងៃទី១៤​ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងអមដំណើរដោយ លោក
ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា និងមានការចូលរួមពីលោក កេត សំអាន អនុប្រធានកិត្តិយសអនុសាខាកាកបាទ
ក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ និងលោក គន្ធ នីរ៉ូ សមាជិកគណៈកម្មាធិការអនុសាខាបានចុះសួរសុខទុក្ខ និងនាំ
យកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងឃុំស្វាយ​ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនៃការសួរសុខទុក្ខនេះផងដែរ លោកជំទាវ​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ
កម្មាធិការសាខា បានពាំនាំនូវការសួសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់គ្នា គ្រប់ទីកន្លែង និងចូលរួមសោកស្ដាយចំពោះការខូចខាត ព្រមទាំងវត្ថុមានតម្លៃដែលបាត់បង់ក្នុងគ្រោះទឹកជំនន់នេះ ដែលជាកម្លាំងញើសឈាមរបស់បងប្អូនប្រជាពលរដ្ឋខិតខំរកបានដោយការងារសុចរិត ហើយលោកជំទាវបានបន្តថា សូមកុំមានការអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់ចង់
ឱ្យហេតុការណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំ ប្រឹងប្រែងបន្ត
ទៅមុខទៀត ដើម្បីគ្រួសារអាចមានជីវភាពល្អប្រសើរឡើងវិញ ព្រមទាំងបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពឲ្យបានល្អ ដោយរស់នៅ
ត្រូវមានអនាម័យ ពិសារទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភឲ្យបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀប
ចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឲ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ ។

ក្នុងមួយគ្រួសាររួមមាន ៖ អង្ករ ៣០គ.ក្រ, មីជាតិ ១កេស, ត្រីខ ១យួរ, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ សារុង ១ ក្រមា ១)និងថវិកា ២០,០០០ រៀលផងដែរ ៕
សុខ គឹមសៀន