សមណសិស្សនៅខេត្តប៉ៃលិន១១៧ អង្គ/នាក់ បានចូលប្រឡងយកវិញ្ញាបនបត្រធម៌្មវិន័យ ថ្នាក់ ត្រី ទោ ឯក សំរាប់ឆ្នាំសិក្សា២០២៣

0

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ សាលាគណខេត្តប៉ៃលិន សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ក្រោមកិច្ចសម្របសម្រួលពីរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅក្នុងមណ្ឌលប្រឡងខេត្តប៉ៃលិន ស្ថិតក្រោមវត្តមានលោក ម៉ើង លីដា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានមន្ទីរធម្មការ និងសាសនាខេត្ត, ព្រះរតនៈមុនី អ៊ា សុផន ព្រះមេគណខេត្ត, ព្រះសន្តិមហារតមុនី សាន់ លី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន ,ប្រធានមណ្ទល, អនុរក្សមណ្ទលប្រឡង និងសមណសិស្ស ជាច្រើននាក់។
បន្ទាប់ពីព្រះគ្រូ រិន ផល្លា ព្រះលេខាគណខេត្ត បានអានបទបញ្ញាត្តិ សម្រាប់ការប្រឡងវិញ្ញាបនបត្រធម៌វិន័យថ្នាក់ត្រី ទោ ឯក រួចមកលោក សំ សាវឿន ប្រធានមន្ទីធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា៖ វិញ្ញាសាប្រឡងមាន ៤វិញ្ញាសា រួមមាន ទី១ ព្រះវិន័យធ៌ម ទី២ពុទ្ធប្បវត្តិ ទី៣ប្រជុំកងធ៌ម និងទី៤សាសនសុភាសិត ចំពោះការប្រឡងនេះ គឺមានរយៈ ពេលមួយថ្ងៃផងដែរ។
បើតាមព្រះរតនៈមុនី អ៊ា សុផន ព្រះមេគណខេត្ត ព្រះអង្គមានថេរដីកាថា៖ ការប្រឡង នេះគឺជាការលើកតម្កើននូវវប្បធម៌ អរិយធម៌របស់ជាតិសាសនា ជាពិសេសយើងរក្សា នូវព្រះពុទ្ធសាសនា ឲ្យមានកិត្តិនាមខ្ពង់ខ្ពស់ ទាំងពុទ្ឋចក្រ និង អាណាចក្រ រចនាសម្ពន្ធ័ទាំងពីរ ឲ្យដើរទន្ទឹមគ្នា ដើម្បីចូលរួមចំណែកធ្វើឲ្យសាសនាជាតិយើង មានការរីកចំរើន ក្រោមដំបូលសន្តិភាព ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ព្រះអង្គមានថេរដីកាបព្ជាក់ទៀតថា៖សមណសិស្សប្រឡងយកវិញ្ញាបនបត្របឋម សិក្សា ធម្មវិន័យថ្នាក់ត្រី ទោ ឯក ត្រូវតែប្រតិបត្តិតាមអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនេះឲ្យបានត្រឹម ត្រូវដើម្បីពង្រឹងនូវចំណេះដឹង ប្រកបដោយសេចក្ដីថ្លៃថ្នូរ ជួយពង្រឹងដល់ផ្នែកព្រះពុទ្ធសាសនាឲ្យមានភាពរឹងមាំផងដែរ។
មានប្រសាសន៍ក្នុងឪកាសនោះដែរលោក ម៉ើង លីដា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជំរុញដល់សមណសិស្សទាំងអស់ ត្រូវខិតខំតាំងចិត្ត ឲ្យបានហ្នឹង ដើម្បីបំពេញកាតព្វកិច្ចប្រឡង និងដើម្បីបន្ដដឹកនាំព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យថ្កុំថ្កើងរុងរឿងទៅថ្ងៃអនាគត។លោក ម៉ើង លីដា អភិបាលរងខេត្ត ក៍បានស្នើដល់ព្រះមេគណខេត្តទាំង២គណៈ មន្ត្រីសង្ឃ ព្រះសង្ឃ ត្រូវពង្រឹងនូវធម៌វិន័យ រក្សាសេចក្តីថ្លៃថ្លូរ ក្នុងវិស័យសាសនា បំបាត់ឱ្យអស់នូវអធិករផ្សេង ជាពិសេសពង្រឹងគុណភាព ក្នុងការបង្ហាត់បង្រៀន អប់រំផ្លូវចិត្ត បណ្តុះបណ្តាល ចំនេះជំនាញ អោយទៀងទាត់ ជូនដល់ សមណសិស្ស សីលវ័ន សីលវតី និងពុទ្ធបរិស័ទ ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន