ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងការបោះឆ្នោតជ្រើសរើសប្រធានសម្រាប់ការដឹកនាំ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ អាណត្តិទី២ លើកទី២

0

(កំពង់ធំ)÷ ថ្ងៃអាទិត្យ ៩ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣

ពិធីប្រកាសបើកការិយាល័យបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ អាណត្តិទី ២ លើកទី ២ ដែលបានប្រព្រឹត្តទៅនៅខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ងួន រាសី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការអញ្ជើញចូលរួមពីបណ្តារមន្ទីរអង្គភាពពាក់ព័ន្ធ អ្នកសង្កេតការណ៍ ភ្ញៀវកិត្តិយស បេក្ខជនឈរឈ្មោះបោះឆ្នោត ព្រមទាំងអាជីវករ ពាណិជ្ជករ ជាច្រើនរូប។

ឯកឧត្តម ងួន រាសី អភិបាលរងខេត្ត បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងជាមណ្ឌលសភាពាណិជ្ជកម្មតែមួយ តាមរយៈអនុក្រឹត្យលេខ១២៥ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១។ កន្លងមក សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បានដំណើរការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង ទៅតាមអាណត្តិរបស់ខ្លួនស្របតាមនីតិវិធី សរុបចំនួន៣លើករួចមកហើយ ក្នុងនោះសមាជិកជ្រើសតាំងមួយចំនួនត្រូវបានផ្លាស់ប្តូរ។

ឆ្លៀតនៅក្នុងឱកាសនេះ ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបាន ធ្វើការណែនាំអំពីនីតិវិធីនៃការបោះឆ្នោតទៅតាមលំដាប់លំដោយ ដូចជាការពិនិត្យហិបឆ្នោត ការគូសសន្លឹកឆ្នោត ការរាប់សន្លឹកឆ្នោត ការវាយតម្លៃចំណាត់ថ្នាក់បេក្ខជនជាប់ឆ្នោត និងការបោះឆ្នោតជ្រើសរើសប្រធានសម្រាប់ការដឹកនាំសភាពពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ អាណត្តិទី ២ លើកទី ២ ចាប់ពីឆ្នាំ ២០២៣ រហូតដល់ឆ្នាំ ២០២៦ ។
ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា សម្រាប់ការិយាល័យបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសម្រាប់អាណត្តិទី២ លើកទី២ នេះមានចំនួន៣ការិយាល័យ ឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបមានចំនួន ៧០៤ នាក់ ស្រីចំនួន ៣៣៣ នាក់ និងបេក្ខជនឈរឈ្មោះចំនួន ០៨ នាក់ ស្រី០១នាក់។ ជាក់ស្ដែងលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃនេះ បេក្ខជនជាប់ឆ្នោតមានចំនួន ០៧ រូប ក្នុងចំណោមបេក្ខជនជាប់ឆ្នោតជាសមាជិកជ្រើសតាំងទាំង ៧ រូប មានបេក្ខជនថ្មីំនួន ០៤ រូប ដែលមិនធ្លាប់ឈរឈ្មោះបោះឆ្នោត។

ឯកឧត្តមក៏បានបន្តទៀតថា ក្រោយពីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងរួចមកលទ្ធផលឃើញថា
លោក តាន់ ប៊ុនឆេង ទទួលបានសំឡេង ៤៦៦ សម្លេង ចំណាត់ថ្នាក់លេខ១ ។ លោក គីវ អៀង ទទួលបាន ៤៤៨ សម្លេង ចំណាត់ថ្នាក់លេខ២ ។ លោក ថេង ឡូ ទទួលបាន ៤៤៥ សម្លេង ចំណាត់ថ្នាក់លេខ ៣ ។ លោកស្រី ជ័យ ម៉ាលីន ទទួលបាន ៤៤៣ សម្លេងចំណាត់ថ្នាក់លេខ ៤ ។ លោក សៀង វីរ: ទទួលបាន ៤៤៣ សម្លេង ចំណាត់ថ្នាក់លេខ ៤ ។ លោក លឹម ភ័ណ្ទ ទទួលបាន ៤៣៧ សម្លេង ចំណាត់ថ្នាក់លេខ ៦ ។ លោក ប៉ាវ គឹមស៊្រុន ទទួលបាន ៤៣៧ សម្លេង ចំណាត់ថ្នាក់លេខ ៦ ។ លោក លីវ សុខគ្រី ទទួលបាន ៣៣ សម្លេងចំណាត់ថ្នាក់លេខ ៨ ។ បន្ទាប់មកទៀតដំណើរការបោះឆ្នោតជ្រើសរើសយកប្រធានសម្រាប់ការដឹកនាំសភាពាណិជ្ជកម្មមណ្ឌលកំពង់ធំ-ព្រះវិហារ អាណត្តិទី ២ លើកទី ២ លទ្ធផលគឺ លោកឧកញ៉ា ហេង សំណាង ត្រូវបានជាប់ឆ្នោតជាប្រធានសម្រាប់ការដឹកនាំបន្តទៀត ។

ក្រោយពីការជាប់ឆ្នោតជាប្រធានសម្រាប់ការដឹកនាំសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ នៅអាណត្តិថ្មីនេះ លោកឧកញ៉ា ហេងសំណាង បានធ្វើការប្តេជ្ញាចិត្ត និងបន្តសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្តឲ្យបានល្អ រដ្ឋបាលខេត្ត សភាពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងបន្តខិតខំទាក់ទាញអ្នកវិនិយោគិនក្នុង និងក្រៅប្រទេសឲ្យមកបណ្ដាក់ទុននៅក្នុងខេត្តកំពង់ធំ និងព្រះវិហារ សំដៅដើម្បីបង្កើនសេដ្ឋកិច្ចក្នុងខេត្តឲ្យកាន់តែល្អប្រសើរថែមទៀត ។

ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានផ្ដាំផ្ញើសូមបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង សហការល្អជាមួយមន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត សភាពាណិជ្ជកម្មជាតំណាងវិស័យឯកជន ដែលការពារផលប្រយោជន៍ដល់បងប្អូន ពាណិជ្ជករ សេវាករ អាជីវករ ក្នុងខេត្ត និងមានភាពវៃឆ្លាតក្នុងការស្វែងរក និងទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេស ឲ្យមកវិនិយោគក្នុងខេត្តកំពង់ធំ -ព្រះវិហារសំដៅបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តឲ្យកាន់តែល្អប្រសើរ ៕