(កំពង់ធំ)÷ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងក្រុមការងារបានធ្វើសកម្មភាពធ្វើជីវសុវត្ថិភាពលើរថយន្តដឹកជញ្ជូនសត្វគ្រប់ប្រភេទ នៅតាមដងផ្លូវដោយបាញ់ថ្នាំសម្លាប់មេរោគលើរថយន្តបានចំនួន២០រថយន្ត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានលើកឡើងថា ចំពោះរថយន្តដឹកសត្វគ្រប់ប្រភេទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជំងឺផ្សេងៗដល់សត្វនៅក្នុងមូលដ្ឋានដូច្នេះហើយក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានជួយបាញ់ថ្នាំសម្លាប់មេរោគទៅលើរថយន្តដឹកមាន់បានចំនួន១០រថយន្ត រថយន្តដឹកជ្រូកបានចំនួន០៨រថយន្ត និងរថយន្តដឹកគោបានចំនួន០២រថយន្ត។ ម្ចាស់យានយន្តដឹកសត្វគ្រប់ប្រភេទមេត្តាផ្សព្វផ្សាយបន្ថែមទៀតដល់រថយន្តដទៃ ដើម្បីការពារជំងឺផ្សេងៗកុំឲ្យឆ្លងដល់សត្វគ្រប់ប្រភេទ នៅតាមមូលដ្ឋានរបស់បងប្អូនប្រជាកសិករ។
គួរបញ្ជាក់ផងដែរថាសម្រាប់ក្រុមការងារ និងបន្តចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមសត្តឃាតដ្ឋាន តាមកន្លែងតាំងលក់ និងកន្លែងចិញ្ចឹមសត្វជូនបងប្អូនប្រជាកសិករបន្ថែមទៀត។