អភិបាលស្រុកស្ទោង សហការជាមួយប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន យកសត្វពាហនៈរបស់ខ្លួនទៅចាក់ថ្នាំបង្ការជំងឺឆ្លងផ្សេងៗបានគ្រប់ៗគ្នា

0

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងមន្រ្តីជំនាញបានចុះធ្វើយុទ្ធនាការចាក់ថ្នាំបង្ការ ជំងឺឆ្លងដល់សត្វពាហនៈ នៅក្នុងស្រុកស្ទោង ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ។

ក្នុងឱកាសនេះដែរ  សាយ គឹមឡម  បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ កសិករ នៅក្នុងមូលដ្ឋានសូមយកសត្វពាហនៈរបស់ខ្លួនទៅចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងផ្សេងៗ តាមការជូនដំណឹងរបស់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរពាក់ព័ន្ធ។

លោកអភិបាលស្រុកស្ទោង បានបញ្ជាក់ឲ្យដឹងថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្ងៃនេះ គឺយើងចាក់បង្ការជំងឺ អុតក្ដាម ដល់សត្វពាហនៈចំនួនជាង៣៨៥ក្បាល ក្នុងនោះក្របី២៨៥ក្បាល នៅក្នុងភូមិបវែង និងចំបក់បញ្ញា ក្នុងឃុំបន្ទាយស្ទោង  ស្រុកស្ទោង ខេត្តកំពង់ធំ។

លើសពីនេះសម្រាប់បណ្ដាភូមិ/ឃុំផ្សេងទៀតគឺ ភ្នាក់ងារសុខភាពសត្វភូមិ នៅតែបន្តចាក់វ៉ាកសាំងបង្ការនេះជូនពលរដ្ឋរហូលចប់សព្វគ្រប់។ លោកក៏បានជំរុញឲ្យបងប្អូនប្រជាកសិករត្រូវមានការប្រុងប្រយត្ន័ខ្ពស់ចំពោះសត្វចិញ្ចឹមរបស់ខ្លួន  ហើយប្រសិនបើមានបញ្ហាជំងឺអ្វីមួយកើតលើសត្វគោ ក្របី ត្រូវរាយការណ៍ជាបន្ទាន់ទៅមន្ត្រីជំនាញដើម្បីពិនិត្យចាក់វ៉ាក់សាំង និងព្យាបាលឲ្យបានទាន់ពេលវេលា។

លោកលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបន្តថាការចាក់ថ្នាំការពារជំងឺទៅលើសត្វគោ ក្របី ត្រូវធ្វើឡើងតាមរយៈមន្រ្តីចុះទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ ឬតាមរយៈភ្នាក់ងារ ពេទ្យសត្វតាមភូមិ រាល់ការចាក់វ៉ាក់សំាងនេះ ពុំបានតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ទេ គឺចាក់ជូនកសិករដោយឥតគិតថ្លៃឡើយ។

ជាមួយនេះផងដែរ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ   ក៏បានណែនាំដល់បងប្អូនម្ចាស់សត្វពាហនៈទាំងអស់ ត្រូវធ្វើអនាម័យដល់សត្វចិញ្ចឹមរបស់ខ្លួនឲ្យបានជាប្រចាំ និងចេះតាមដានសុខភាពសត្វរបស់ខ្លួន ប្រសិនបើសុខភាពសត្វមានភាពមិនប្រក្រតី សូមទាក់ទងឬរាយការណ៍ជាបន្ទាន់ ទៅភ្នាក់ងារសុខភាពសត្វភូមិ ឬខអាជ្ញាធរដែនដី ឲ្យបានទាន់ពេលវេលា ពួកគាត់ជួយព្យាបាល និងទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍បាន។