ឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាស្តីពី(ការអនុវត្តច្បាប់ត្រូតពិនិត្យផលិតផលថ្នាំជក់ និងផលប៉ះពាល់នៃផលិតផលថ្នាំជក់)

0

(កំពង់ធំ)÷ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ (វេលាម៉ោង៨:០០នាទីព្រឹក និងម៉ោង២រសៀល)នៅសាលប្រជុំសាលាខត្តកំពង់ធំ មានកម្មវិធីសិក្ខាសាស្តីពី(ការអនុវត្តច្បាប់ត្រូតពិនិត្យផលិតផលថ្នាំជក់ និងផលប៉ះពាល់នៃផលិតផលថ្នាំជក់) ក្រោមអធិបតីភាពឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ។

កម្មវិធីសិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមលោកសាស្ត្រាចារ្យ ផាន់ ចាន់ពៅ ប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកសាស្ត្រាចារ្យបណ្ឌិត ខាន់ សាវ៉េត និងសាស្ត្រាចារ្យបណ្ឌិត កៅ សុវណ្ណតារា សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញរដ្ឋបាលខេត្ត លោកលោកស្រីតំណាងរដ្ឋបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំងអស់ដែលមានវត្តមានក្នុងអង្គពិធីទាំងមូល។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ បានថ្លែងថាតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ក្នុង១ឆ្នាំៗថ្នាំជក់បណ្ដាលឱ្យ ប្រជាពលរដ្ឋនៅលើពិភពលោកច្រើនជាង៨លាននាក់ស្លាប់ រួមទាំងនៅក្នុងកម្ពុជាប្រហែលជា១ម៉ឺន៥ពាន់នាក់ផងដែរ។ ក្នុងចំណោមអ្នកស្លាប់ជាង៨លាននាក់នៅលើពិភពលោកនោះ មានអ្នកស្លាប់ជាង១លាននាក់ គឺអ្នកដែលស្រូបផ្សែងបារីអ្នកដទៃការប្រើប្រាស់ថ្នាំជក់គឺជា មូលហេតុចំបងនៃការស្លាប់ដែលអាចការពារនិងចៀសវាងបាន ប្រសិនបើយើងរស់នៅក្នុងបរិស្ថានគ្មានផ្សែងបារី។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថា វគ្គសិក្ខាសាលានេះពិតជាមានសារៈសំខាន់ ណាស់ ព្រោះវានឹងផ្តល់នូវព័ត៌មាន និងចំណេះដឹងជាមូលដ្ឋានពាក់ព័ន្ធទៅនឹងការហាមជក់បារីនៅកន្លែង សាធារណ: ការបិទស្លាកសញ្ញាហាមជក់បារី ការដាក់រូបភាព និងសារព្រមានសុខភាព ការបិទតែមនៅលើកញ្ចប់បារីគ្រប់ប្រភេទ។ ការដាក់តាំងផលិតផលថ្នាំជក់ និងទឡ្ហីករណ៍សំខាន់ៗ ដើម្បីជំរុញការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការអនុវត្តបរិស្ថានគ្មានផ្សែងបារី ដែលស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា ក្នុងជំនួបជាមួយប្រធានអង្គការសុខភាពពិភព លោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីពេលថ្មីៗនេះថា (កម្ពុជាមានមហិច្ឆតាប្រែក្លាយជាប្រទេសគ្មានផ្សែងបារីនៅឆ្នាំ២០២៥)។

លោកសាស្ត្រាចារ្យ ផាន់ ចាន់ពៅ និងសាស្ត្រាចារ្យបណ្ឌិត កៅ សុវណ្ណតារា បានធ្វើបទបង្ហាញ ពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ ច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងការអង្កេតស្ដីពីការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលឆ្នាំជក់។ ការប្រើប្រាស់ថ្នាំជក់ គឺជាមូលហេតុចម្បងនៃការស្លាប់ ដែលអាចការពារនៅលើពិភពលោក និងជាកត្តាហានិភ័យចម្បងៗសម្រាប់ជំងឺមិនឆ្លងយ៉ាងកាវសាហាវចំនួន០៤មាន÷ ជំងឺមហារីកជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺសរសៃឈាមបេះដូង៕