(កំពង់ធំ)÷ថ្ងៃ១៨ ខែមករា ឆ្នាំ២០២៣ លោក ជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងលោក គូ ប៊ុនទឹង នាយផ្នែករដ្ឋបាលជលផលប្រាសាទសំបូរ នាយសង្កាត់សន្ទុក ស្ទឹងសែន និងមន្រ្តីខណ្ឌ សហការជាមួយគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកសន្ទុក ដឹកនាំដោយលោក ឡង គីសឹង អភិបាលស្រុកសន្ទុក ព្រមទាំងមានការចូលរួមពីកងកម្លាំងទាំង៣ និងប្រជាពលរដ្ឋ បានចូលរួមដាំកូនឈើព្រៃលិចទឹកចំនួន៧៥០ដើម(ម្តេញ រាំង) នៅតាមដងស្ទឹងតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ដោយលោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានលើកឡើងថា ការចូលរួមចំណែកដាំកូនឈើនៅតាមដងស្ទឹងតាំងក្រសាំង ដើម្បីជាចម្រកត្រីពងនៅរដូវវស្សា ក្នុងការរក្សាពូជត្រីឲ្យនៅគង់វង្ស និងជួយការពារនៅទឹកជំនន់ ខ្យល់ព្យុះ បាតុភូតផ្សេងៗដែលកើតឡើងដោយធម្មជាតិ។ មួយផ្នែកទៀតដើម្បីឲ្យមានសោភ័ណភាពនៅតាមដងស្ទឹង បង្កើតឲ្យមានខ្យល់បរិសុទ្ធនិងបរិយាកាសស្រស់បំព្រងនៅក្នុងមូលដ្ឋាន។
ការលើកឡើងរបស់លោក ជិន សុីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ក្នុងគោលបំណងចង់ឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់បំផុតចំពោះការពារនៅធនធានធម្មជាតិដែលកើតឡើងវិញនៅក្នុងមូលដ្ឋានរបស់បងប្អូនទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងតែយកចិត្តទុកដាក់ក្នុងការថែរក្សាធនធានធម្មជាតិឲ្យបានគង់វង្ស និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋគឺ ០១នាក់ត្រូវដាំដើមឈើមួយដើម។
លោក ជិន សុីថា បានអំពាវនាវដល់ក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមដាំកូនឈើនេះ សូមចូលរួមថែរក្សាការពារឲ្យបានល្អ ដើម្បីងាយស្រួលការពារនៅបាតុភូតធម្មជាតិផ្សេងៗកើតឡើងត្រជាយថាហេតុ។ ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយពីការស្ដារធនធានធម្មជាតិនៅក្នុងមូលដ្ឋានឲ្យមានលក្ខណៈល្អប្រសើរឡើង ដើម្បីឲ្យបរិស្ថានធម្មជាតិមានភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិចូលមកទស្សនាកម្សាន្តផងដែរ៕