អភិបាលខេត្តស្ទឹងត្រែង អំពាវនាវដល់ប្រជាពលរដ្ឋ មាតា បិតា និងអាណាព្យាបាលទាំងអស់ ត្រូវខិតខំជំរុញកូនចៅចូលរៀនឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនចំណេះដឹង និងការលើកកម្ពស់វិស័យសិក្សាធិការនៅកម្ពុជា ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានថ្លែងបែបនេះ ក្នុងពេលដែលលោក បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អាយ ហ្សិនទី១ នៃសាលាបឋមសិក្សាសំអាង ១ខ្នង មាន ៦បន្ទប់ ដែលជាជំនួយរបស់របស់អង្គការភ្លែន និងអង្គការភ្លែនអន្តរជាតិកូរ៉េ ។

ពិធីដែលបានធ្វើឡើង នៅថ្ងៃទី១៨មករា២០២៣នេះ ក៏មានការចូលរួមពី ប្រធានប្រតិបត្តិអង្គការភែ្លនអន្តរជាតិកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង លោក ផែន ប៊ុនធឿន ​ថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដ៏ច្រើនកុះករ ផងដែរ។

ប្រធានប្រតិបត្តិអង្គការភែ្លនអន្តរជាតិកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង លោក ផែន ប៊ុនធឿន បានថ្លែងថា អង្គការភ្លែនអន្តរជាតិ  បានចាប់ផ្តើមអនុវត្តគំរោងតាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចប្បន្ន មានរយៈពេល ៧ឆ្នាំហើយ អង្គការបាន និងកំពុងធ្វើការនៅក្នុងភូមិចំនួន ៩៧ ឃុំចំនួន២៣ និងស្រុក៥ លើកលែងតែក្រុងស្ទឹងត្រែង មួយប៉ុណ្ណោះ។

លោក ផែន ប៊ុនធឿន បានបញ្ជាក់ថា សមិទ្ធផលសាលារៀន១ខ្នង មាន ៥បន្ទប់នេះ គឺពិតជាបានរួមចំណែក ជួយបំពេញនូវតំរូវការរបស់មន្ទីអប់រំ សហគមន៍ ក៏ដូចជាប្អូនៗ ធ្វើយ៉ាងណាឲ្យទទួលបានការអប់រំល្អ ព្រោះអង្គការភ្លែនបានយល់ច្បាស់ថា វិស័យអប់រំ គឺជាគន្លឹះមួយសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន អភិវឌ្ឍន៍ប្រទេសជាតិ ដែលមិនអាចខ្វះបានឡើយ។

អភិបាលខេត្តស្ទឹងត្រែង​ លោក ស្វាយ សំអ៊ាង មានប្រសាសន៍ថា ក្នុងចំណោមវិស័យទាំងអស់ គឺ វិស័យអប់រំជាកត្តាគន្លឹះសំខាន់មួយ នៅក្នុងចំណោមវិស័យអាទិភាព ដែលខិតខំជំរុញលើកកំពស់វិស័យអប់រំ ឲ្យកាន់តែមានភាពរីកចម្រើន មានប្រសិទ្ធភាព បង្កើននូវចំណេះដឹង ធនធានមនុស្សឲ្យកាន់តែសម្បូរបែប ហើយធនធានមនុស្សជាកត្តាមួយដ៏សំខាន់ ដែលនាំឲ្យការកសាងប្រទេស ការដឹកនាំប្រទេសមានការរីកចម្រើន។

លោកអភិបាលខេត្តស្ទឹងត្រែង ស្វាយ សំអ៊ាង បានបញ្ជាក់ថា សាលាត្រូវតែមានគ្រប់កម្រិតនៅតាមមូលដ្ឋាន ដើម្បីងាយស្រួលដល់សិស្សានុសិស្សចូលសិក្សា ក្រេបយកចំណេះដឹង ដើម្បីកាត់បន្ថយអត្រាភាពមិនចេះអក្សរ និងជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកអភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់ប្រជាពលរដ្ឋ មាតា បិតា និងអាណាព្យាបាលទាំងអស់ ត្រូវខិតខំជំរុញកូនចៅចូលរៀនឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនចំណេះដឹង សមត្ថភាព និងការលើកកម្ពស់វិស័យសិក្សាធិការនៅកម្ពុជា ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត។ ចំណែក អាជ្ញាធរ អង្គការដៃគូ រួមទាំងមន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន និងប្រទេសជាតិ ឲ្យមានភាពរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព ៕ដោយ៖ឡុង សំបូរ