ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសម្តេច​កិត្តិព្រឹទ្ធបណ្តិត​ ចែកជូនពលរដ្ឋងាយរងគ្រោះ​ ៥៨គ្រួសារ នៅស្រុកព្រៃឈរ

កំពង់ចាម:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បាននាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ​ ដោយមានស្ត្រីមេម៉ាយទ័លលំបាក ចាស់ជរាគ្មានទីពឹង​ ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ និងកុមារកំព្រា សរុប​ ៥៨គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកព្រៃឈរ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្ដេច លោក តែងខ្វល់ខ្វាយ គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជាប្រចាំ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ: តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង ” មិនទុកនរណាម្នាក់ចោល ” ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យលើកកំពស់ការថែទាំសុខភាព រស់នៅក្នុងបរិស្ថានល្អ មានអនាម័យ ជាពិសេស ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ពីក្តៅ ទៅ ត្រជាក់ នេះ វាអាចនឹងបង្កឱ្យកើតមានជម្ងឺផ្តាសាយ ឬ គ្រុនក្តៅ ។ ទន្ទឹមនេះ សូមបន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ ការពារ ៣កុំ” និង អញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំង ដូសជំរុញទី ៥ ឬ ទី ៦ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុស បំលែងថ្មី កូវីដ-19។ ម៉្យាងវិញទៀត ក៏ សូមអោយ មានការប្រុងប្រយ័ត្នខ្ពស់ ផងដែរ ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមាន ដូចជា គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ គ្រោះអគ្គីភ័យ ជាដើម ដែលអាចបណ្តាលឱ្យមានការខូចខាត ទ្រព្យសម្បត្តិ និង អាយុជីវិត ជាយថាហេតុ។
គួរបញ្ជាក់ថា អំណោយ​សម្តេច​កិត្តិព្រឹទ្ធបណ្តិត​ ដែលបានចែកជូនពលរដ្ឋងាយរងគ្រោះ​ មកពីឃុំព្រៃឈរ ស្រង៉ែ សូរសែន្យ សំរោង​ និងឃុំល្វា សរុប​ ៥៨គ្រួសារ​ ដោយក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង , ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ឃីត (សារុង មុង ភួយ ក្រមា ) ១កញ្ចប់ សាប៊ូលុច្ស ៤ដុំ, អាវយឺត ៤, ម៉ាស់ ១០បន្ទះ និង ថវិកាចំនួន ៥០,០០០រៀល ៕
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និង សហការី ក៏បានអញ្ជើញ ប្រគេនទេយ្យវត្ថុ ព្រះចៅអធិការ គង់នៅ វត្តថ្មី នូវ អង្ករ ១០០គីឡូក្រាម , ទឹកសុទ្ធ ២កេស, មី ៤កេស, ត្រីខ ៤០កំប៉ុង និងបច្ច័យ ២០ម៉ឺនរៀល ផងដែរ​ ៕