ប្រជាពលរដ្ឋជាង ៦០០គ្រួសារ ទទួលបានបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធពី អាជ្ញាធរខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ លោក មាស សុភា ,ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំមន្ត្រីមន្ទីរជំនាញ មន្ត្រីនៃមន្ទីរពាក់ព័ន្ធ រួមទាំងអាជ្ញាធរ និងមន្ត្រីថ្នាក់មូលដ្ឋាន អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋជាង ៦០០គ្រួសារ លើក្បាលដី១ពាន់ ៦៣ក្បាលដី ស្មើនឹងផ្ទៃដីសរុប ១ម៉ឺន ៤៧២ហិចតា កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិរំចេក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា តម្លៃនៃកម្មសិទ្ធិស្របច្បាប់លើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ប្រសិនបើគ្មានថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះទេ សូម្បីតែស្លាបព្រា វែកបាយ ក៏មិនមែនជាកម្មសិទ្ធិយើងនោះដែរ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានបន្តថា ចំពោះការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺស្របពេលដែលប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាខួបអនុស្សាវរីយលើកទី៤៤ឆ្នាំ នៃទិវាជ័យជំនះ ៧ មករា(៧មករា១៩៧៩-៧មករា២០២៣)។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ស្រុក ឃុំ ក្នុងការរៀបចំកិច្ចដំណើរការ ក្នុងការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរបស់រាជរដ្ឋាភិបាល តាមស្រុក ក្រុង ក្នុងគោលដៅរបស់ខេត្តតាមជំហាននីមួយៗ តាំងពីការប្រកាសតំបន់វិនិច្ឆ័យ កំណត់ព្រំប្រទល់ភូមិ ការវាស់វែងក្បាលដីនីមួយៗ គូសក្បាលដី និងបំពេញទម្រង់បែបបទប្រមូលទិន្នន័យម្ចាស់ក្បាលដី ការបញ្ចូលទិន្នន័យម្ចាស់ក្បាលដី និងបិទផ្សាយជាសាធារណៈទិន្នន័យម្ចាស់ក្បាលដីទាំងអស់ នៅក្នុងតំបន់វិនិច្ឆ័យ ក្នុងរយៈពេល១៥ថ្ងៃ សម្រាប់ទុកពេលឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្តាត់ សុំកែតម្រូវម្ចាស់ក្បាលដី រហូតបិទផ្សាយបញ្ចប់ជាសាធារណៈ និងរហូតដល់ការប្រគល់វិញ្ញាបនបត្រជូននៅពេលនេះ។

ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ លោក សំ សារឿន បានថ្លែងថា សម្រាប់តំបន់វិនិច្ឆ័យក្នុងឃុំស្រយ៉ង់ មាន២ភូមិ ក្នុងនោះភូមិរំចេកជាភូមិទី២ ដែលក្រុមការងារ បានអនុវត្តតាមនីតិវិធី នៃដំណាក់កាលនីមួយៗ ចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃចែកនៅពេលនេះ។

លោក សំ សារឿន បានបន្តថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋ គឺមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកប្រធានមន្ទីរ ក៏បានបញ្ជាក់ថា សារៈសំខាន់របស់បណ្ណកាន់កាប់ដីធ្លី គឺយើងអាចប្រើប្រាស់បានតាមតម្រូវការស្របតាមច្បាប់ និងណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុនៅពេលនេះ ត្រូវថែរក្សា ទុកដាក់ឱ្យបានល្អ ៕ ដោយ៖ឡុង សំបូរ