បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមករា និងដាក់ចេញនូវទិសដៅអនុវត្តបន្តសម្រាប់ខែកុម្ភៈឆ្នាំ២០២៣

0

កំពង់ធំ: នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣  បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមករា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តនៅក្នុងខែកុម្ភៈឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការស្ដីទី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលការងារយោធាសន្តិសុខ ដែលសម្រេចបានក្នុងខែមករាកន្លងមក និងលើកឡើងនូវទិសដៅ ដែលត្រូវអនុវត្តបន្តនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣  ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សាកែសម្រួលបំពេញបន្ថែមនិងចាត់តាំងអនុវត្តឲ្យទទួលបានជោគជ័យបន្ថែមទៀត ។

បន្ទាប់ពីបានចូលរួមពិភាក្សាកែសម្រួលនិងបំពេញបន្ថែមនៅលើខ្លឹមសាររបាយការណ៍និងទិសដៅ សម្រាប់អនុវត្តបន្តរបស់សមាជិកអង្គប្រជុំរួចមក  ឧត្តមសេនីយ៍ សោម ស៊ុន បានមានមតិបូកសរុបនឹងវាយតម្លៃខ្ពស់និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់យោធិនគ្រប់រូបៗ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់គ្រងឯកភាព  ដែលបានខិតខំបំពេញតួនាទីភារកិច្ច ដែលអង្គភាពបានប្រគល់ជូន ដោយអនុវត្តន៍សម្រេចភារកិច្ច នឹងទទួលបានជោគជ័យគួរជាទីមោទនៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣  នេះ រួមមាន ទី១. ប្រុងប្រៀបលើគ្រប់វិស័យ ក្នុងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីបុណ្យទន្លេលើកទី៧ ដែលប្រព្រឹត្តទៅនៅខេត្តកំពង់ធំ នៅដើមខែមីនា ឆ្នាំ២០២៣នេះ ទី២.បន្តជំរុញក្រុមការងារនិងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៦ ជូនបងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារ ដែលមិនទាន់បានអញ្ជើញមកចាក់ ដើម្បីចាក់ជូនគាត់ ឲ្យបានគ្រប់ៗគ្នា ។ ទី៣.ពង្រឹងរបៀបរបបការងារ និងតួនាទីភារកិច្ច ដោយត្រូវអនុវត្តឲ្យបានម៉ឺនម៉ាត់តាមលក្ខន្តិកៈនិងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងទី៤. បន្តសកម្មភាពចុះមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ និងចូលរួមអនុវត្តតាមគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ព្រមទាំងបម្រើនិងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗដែលខ្លួនទទួលខុសត្រូវ ៕