ព្រះសត្ថាបារមី សៀង សុខ និមន្តផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ នៅស្រុកស្ទោង

(កំពង់ធំ)÷ នៅរសៀលថ្ងៃពុធ០៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រះសត្ថាបារមី សៀង សុខ ព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ ព្រមទាំងលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំ និងលោក សាយ គឹមឡម អភិបាល​ស្រុកស្ទោង និងសហការី បាននិមន្តនិងអញ្ជើញជាអធិបតីក្នុង ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំង ប្រទេសលើកទី៣០ នៅវត្តស្រីទូល ស្តិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្ត កំពង់ធំ។

មានសង្ឃដីការទៅកាន់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ លោកអាចារ្យ និងញាតិញោមពុទ្ធបរិស័ទ្ឋមន្ត្រីរាជការ នៅក្នុងឱកាសនេះ ព្រះសត្ថាបារមី សៀង សុខ បានមានសង្ឃដីកាថា ព្រះពុទ្ធសាសនាបានគង់វង្សរុងរឿងទៅបាន គឺអាស្រ័យដោយសារប្រទេសជាតិយើងមានសុខសន្តិភាពបរិបូរណ៍តរៀងទៅ។

ជាមួយនេះផងដែរ ព្រះមេគណ បានបន្ថែមថា ពុទ្ធចក្រនិងអាណាចក្រត្រូវតែដើរទន្ទឹមគ្នា រីកចំរើនជាមួយគ្នា ហើយប្រជាពុទ្ធបរិស័ទ្ទ ត្រូវគោរពបដិបត្តិ ពុទ្ធវិន័យ តាមពុទ្ធបញ្ញត្តិឲ្យបានខ្ជាប់ខ្ជួន ទាំងព្រះសង្ឃ ព្រះគ្រូចៅអធិការ គ្រូសូត្រស្តាំ ឆ្វេង លោកអាចារ្យ គណៈកម្មការវត្តត្រូវ ចេះសហការគ្នា រួបរួមសាមគ្គី ក្នុងការកសាងនិងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តឲ្យកាន់តែរីកចំរើន ជាពិសេសឲ្យពុទ្ធសាសនាបានគង់វង្សជានិរន្តរិ៍ ត្រូវនាំគ្នាខិតខំកសាងធនធានព្រះសង្ឃ ដោយខិតខំសិក្សារៀនសូត្រនូវពុទ្ធវចនៈនិងព្រះវិន័យ។

លើសពីនេះ ព្រះអង្គក៏បានកោតសរសើរខ្ពស់ដល់ វិស័យពុទ្ធសាសនាក្នុងស្រុកស្ទោងដែលមានការរីកចំរើននិងសហការសាមគ្គីគ្នាបានល្អ មិនដែលបង្កឲ្យមាននូវអធិករផ្សេងៗ ដែលនាំឲ្យមានការអាប់ឱនដល់ពុទ្ធសានាឡើយ។ ក្រោមការដឹកនាំរបស់ព្រះមន្ត្រីសង្ឃ និងលោកអភិបាលស្រុកស្ទោង ព្រះអង្គក៏បាននិមន្តអញ្ជើញ ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ្ទសូមស្វែងយល់និងគោរពទៅតាមខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំង ប្រទេសលើកទី៣០នេះទាំងអស់គ្នា។
គួរបញ្ជាក់ផងដែថា នៅក្នុងស្រុកស្ទោងមានវត្តចំនួន៤៨វត្ត និងព្រះសង្ឃចំនួន៦២៦អង្គ។