ល្បែងឆ្នោតនៅបាត់ដំបង កំពុងរីកដូចផ្សិត ក្រោយពីបិទមួយរយ: តាមបទបញ្ជាសម្តេច

ខេត្តបាត់ដំបង ÷ បច្ចុប្បន្ននេះ គេសង្គេតឃើញថា ល្បែងឆ្នោតសៀម និងឆ្នោតយួន កំពុងបើកចំហរឡើងវិញយ៉ាងគគ្រឹកគគ្រេង ក្នុងនោះក៏មានទីតាំងខ្លះបានលើកអាជ្ញាប័ណ្ណបង្អួតនៅពីមុខទីតាំងផងដែរ ដែលគេមិនដឹងថា នៅខាងក្នុងបានអនុវត្តត្រឹមត្រូវតាមគោលការណ៍របស់អាជ្ញាប័ណ្ណ ដែរឬយ៉ាងណានោះទេ។
ជុំវិញគោលការណ៍ភូមិ ឃុំមានសុវត្ថិភាព គួរណាស់តែសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើការបង្ក្រាប និងលុបបំបាត់អោយអស់នូវល្បែងសុីសងគ្រប់ប្រភេទ តាមបទបញ្ជារបស់ប្រមុខនៃរាជេដ្ឋាភិបាល តែផ្ទុយទៅវិញ បច្ចុប្បន្ននេះ នៅកណ្តាលក្រុងបាត់ដំបង នេះមិនគិតពីជនបទផង កន្លែងលក់កន្ទុយលេខ បានផុសឡើងយ៉ាងគំហុក ដែលគេមិនដឹងថា នេះគឺជាការលបបើក ឬក៏មានការបើកភ្លើងខៀវពីសមត្ថកិច្ចនោះទេ បានជាមុខរបរនេះ គ្មានខ្លាចផ្លូវច្បាប់បន្តិចទាល់តែសោះ។
បើតាមប្រភពមួយចំនួនបានខ្សិបខ្សៀវថា ឥឡូវនេះ មេៗធំៗ ដែលមានរហ័សនាម ៣៣ . ៧៧ . ៨៨ ( ដោយឡែក ៦៦ បិទហើយ ) ត្រូវបានគេរៀបចំសំណែន លើកថាសទៅសែនដល់ក្បាលមឿងធំៗតែម្តង មិនចាំបាច់ប្រើប្រាស់កម្លាំងដើរប្រមូលពេលចុងខែទៀតឡើយ នាំបែកការណ៍។
ស្ត្រីមេឆ្នោតម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា សព្វថ្ងៃគាត់ឡើងកាតុងអោយទៅមេ ៣៣ ប៉ុន្តែកន្លងមកធ្លាប់មានបញ្ហាជាញឹកញាប់រឿងឡើងកាតុងឆ្នោត ព្រោះមេៗធំៗដែលនៅក្នុងខេត្តបាត់ដំបង ក៏មានការកាច់កុងគ្នាដែរ រហូតធ្លាប់ប្តឹងសមត្ថកិច្ចអោយចាប់អ្នកលក់កំបុិកកំប៉ុកថែមទៀតផង ប្រសិនបើលក់ឆ្នោតមិនព្រមឡើងកាតុងទៅអោយគេទេនោះ ដូច្នេះវាមិនខុសអីនឹងការកាងមេឆ្នោតធំៗដើម្បីផលប្រយោជន៍នោះទេ តែឥឡូវគាត់លក់ឆ្នោតដូចជាមិនសូវខ្លាចប៉ុន្មានទេព្រោះឮថា មេធំជាអ្នករត់ការផ្ទាល់ដល់អស់លោកសមត្ថកិច្ច។
បច្ចុប្បន្នក៏មានមជ្ឈដ្ឋានជាច្រើន បានសំណូមពរ អោយសមត្ថកិច្ចជំនាញ ធ្វើយ៉ាងណាចុះសិក្សា ស្រាវជ្រាវ ទៅលើទីតាំងឆ្នោតដែលប្រកាសថាខ្លួនមានអាជ្ញាប័ណ្ណ ដោយចង់ដឹងថា នៅខាងក្នុងបានអនុវត្តតាមការកំណត់របស់អាជ្ញាប័ណ្ណដែរឬទេ ? ខ្លាចក្រែងដាក់ព្យួរស្បែកគោ តែលក់សាច់ឈ្លូស ! ៕ អត្ថបទ : ព្រាប.ស