កិច្ចប្រជុំផ្សព្វផ្សាយ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណៈបក្សប្រជាជនកម្ពុជា ស្ដីពីលទ្ធផលនៃការអនុវត្តគោលនយោបាយឆ្នាំ២០១៨ ដល់២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣

(កំពង់ធំ)÷ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកាយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៣។

ថ្លែងនៅក្នុងកម្មវិធីនេះផងដែរ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ក៏បានមានប្រសាសន៍ថា- មហាសន្និបាតបានវាយតម្លៃប្រកបដោយមោទនភាពបំផុតចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែល គណបក្សសម្រេចបានក្នុងការបម្រើប្រទេសជាតិ និងប្រជាជនរយៈពេល៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ លើមូលដ្ឋាននេះ បានបង្ហាញច្បាស់អំពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រដ៏ធំធេងនៃកម្ពុជាក្នុងដំណើរឈានទៅមុខឥតឈប់ឈរលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាពីការចូល រួមរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយទឹកចិត្ដស្នេហាជាតិដ៏ជ្រាលជ្រៅ ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពីការចូលរួមនៃវិស័យឯកជន សង្គមស៊ីវិល និង មជ្ឈដ្ឋានផ្សេងៗទៀត ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ។

ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតថា មហាសន្និបាតបានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រចំនួន៥ និងបណ្តាគោលនយោបាយធំៗ ជាអាទិភាពសម្រាប់រយៈពេលប្រាំឆ្នាំបន្តទៀត ដោយផ្អែកលើបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងសភាពការណ៍ ជាក់ស្ដែងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យជាបន្តទៀត និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

ជាចុងក្រោយឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ក៏បានដាំផ្ញើដល់សមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវតែ ថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានាភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ។ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត បន្តអនុវត្តការមិនយកកម្រៃសេវាលើការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ បន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយតម្លៃសមរម្យ បែងចែកដី និងផ្តល់កម្មសិទ្ធិដីជូនគ្រួសារក្រីក្រគ្មានដីដែលបានអនុវត្តតាមលក្ខខណ្ឌ សម្បទានដីសង្គមកិច្ច ទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីគ្រប់ប្រភេទរបស់រដ្ឋដោយខុសច្បាប់ និងបន្តធ្វើប្រទានកម្មដី ជូនប្រជាជនរស់នៅ និងអាស្រ័យផលលើទីតាំងដីរដ្ឋតាមគោលការណ៍ដែលរដ្ឋបានកំណត់។