មន្រ្តីជំនាញថ្នាក់ខេត្ត និងភ្នាក់ងារសុខភាពសត្វភូមិ បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកសត្វគោ ជូនកសិករ នៅភូមិគោករវៀង និងភូមិតាទ្រៀល ឃុំប្រឡាយ ស្រុកស្ទោង

(កំពង់ធំ)÷ ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យ រួមទាំងមន្ត្រី មានការអញ្ជើញចូលរួមដោយលោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង ព្រមទាំងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ទទួលបន្ទុកវិស័យសុខភាពសត្វ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាភ្នាក់ងារសុខភាពសត្វភូមិ បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកសត្វគោ ជូនកសិករ នៅភូមិគោករវៀង និងភូមិតាទ្រៀល ឃុំប្រឡាយ ស្រុកស្ទោង នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះដែរលោកអភិបាលរងស្រុក និងលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ក៏បានជួបសំណេះសំណាលបន្ថែមជាមួយកសិករ និងអំពាវនាវដល់កសិករដែលជាម្ចាស់សត្វឲ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗបន្ថែមទៀត នៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំឡើង និងបានណែនាំពីវិធានការណ៍ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ម្យ៉ាងវិញទៀតត្រូវពង្រឹងកិច្ចសហការឲ្យបានល្អប្រសើរ រវាងមន្ត្រីជំនាញថ្នាក់ខេត្តថ្នាក់ស្រុក អាជ្ញាធរមូលដ្ឋាន ភ្នាក់ងារសុខភាពសត្វភូមិ ជាមួយកសិករ ហើយនៅពេលដែលមានសត្វឈឺ រឺ ងាប់ ក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឲ្យបានទាន់ពេលវេលា។

ជាលទ្ធផលក្រុមការងារសង្កេតឃើញថាប្រជាកសិករមានការចូលរួមយ៉ាងសស្រាក់សស្រាំហើយសម្រេចបាន គោសរុបចំនួន៣៤០ក្បាល និងបានផ្តល់ជូននូវសម្ភារៈបរិក្ខាបសុពេទ្យ ថ្នាំព្យាបាល មួយចំនួនដល់មន្ត្រីកសិកម្មស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ជួយចុះអន្តរាគមន៍ ជូនកសិករក្នុងមូលដ្ឋានរបស់ពួកគាត់។