អភិបាលស្រុកស្ទោង បានណែនាំដល់រដ្ឋបាលលឃុំត្រូវបង្កើនការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលងាយរងហានិភ័យនិងមានពិការភាព

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញ ចុះសួរសុខទុក្ខនិងចែកអំណោយដល់គ្រួសារដែលងាយរងហានិភ័យ និងមានពិការភាពចំនួន១៥គ្រួសារ នៅឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋរបស់ខ្លួនក្នុងឱកាសនេះ លោកអភិបាលស្រុក បានណែនាំដល់រដ្ឋបាលឃុំទ្រា  ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រា ត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខុមាលភាព បងប្អូនប្រជាពលរដ្ឋ ដែលងាយរងហានិភ័យ និងមានពិការភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះ ផ្តល់ស្បៀងហើយត្រូវឆ្លើយតបទៅនឹងតម្រូវការនិងផ្តល់សេវាជូនពួកគាត់ឱ្យបានទាន់ពេលវេលាពិសេជនពិការ។

ជាមួយនេះផងដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវត្រៀមខ្លួនក្នុងការទៅបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។

លើសពីនេះទៀតលោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវចេះរស់នៅតាមគន្លងប្រក្រតីភាពថ្មី នាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញ បង្ការមេរោគកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ព្រោះពេលនេះស្ថានភាពកូវីដ19នៅព្រះរាជាណាចក្រកម្ពុជាយើង និងនៅលើសកលលោកពុំទាន់ផុតរលត់នៅឡើយទេ ។

គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋចំនួន១៥គ្រួសារនៅក្នុងឱកាសនេះក្នុង០១គ្រួសារៗទទួលបាន÷ អង្ករ០១បេ ត្រីខ០១យួរ ទឹកត្រី០១យួរ និង មី០១កេសផងដែរ។