ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ក្នុងស្រុកប្រសាទបល្ល័ង្ក បានឆេះបន្តគ្នាខូចខាតទាំងស្រុង

(កំពង់ធំ)៖ មានករណីអគ្គិភ័យមួយបានកើតឡើង ដោយការទូស្សេខ្សែភ្លើង បង្កឲ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្នុងនោះបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ រាលតគ្នា អស់ចំនួន៤ខ្នងទាំងស្រុង ទោះបីជាមានការខិតខំជួយអន្តរាគមន៍ពីសមត្ថកិច្ចយ៉ាងណាក៏ដោយ ។ហេតុការណ៍ដ៏អាក្រក់នេះ កើតឡើងនៅវេលាម៉ោងប្រមាណ០៣:៤០នាទី រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្ដកំពង់ធំ។

លោក សោម សាវ៉ាត អធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក ឲ្យដឹងថាផ្ទះប្រជាពលរដ្ឋទាំង៤ខ្នងដែលរងការឆាបឆេះនេះ មាន៖១.ឈ្មោះ យន់ ស៊ីណាន ភេទស្រី អាយុ២៨ឆ្មាំ មុខរបរគ្រូបង្រៀនផ្ទះមានទំហំ៩ម៉ែត្រ X១២ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ជញ្ជាំងក្ដារប្រក់ក្បឿងខូចខាតទាំងស្រុង រួមទាំងទ្រព្យសម្បត្តិមាន ស្រូវ២តោន អង្ករ២បេ លុយចំនួន៤លាន ខ្សែកមាស៥ជី កៅអីក្បាច់១៥កៅអី ងឿកកោះ១ តុបាយ២គ្រឿង គ្រែ៣គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន។ ២.ឈ្មោះយ៉ុន ទីន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរកសិករ ផ្ទះមានទំហំ៦ម៉ែត្រX១២ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្ដារប្រក់ក្បឿងខូតខាតទាំងស្រុង រួមមានទ្រព្យសម្បត្តិមួយចំនួនដូចជា ស្រូវ២តោន អង្ករ១០០គីឡូក្រាម គ្រែដេក៣ ទូ១ កៅអី១០ លុយ៥លាន ខ្សែកមាស៣ជី និងទាំងទ្រព្យសម្បត្តិប្រើប្រាស់មួយចំនួនទៀត។ ៣.ឈ្មោះ សោម ទៀង ភេទស្រី អាយុ៥២ឆ្នាំ មុខរបរក្រុមប្រឹក្សាឃុំដូង ផ្ទះមានទំហំ៧ម៉ែត្រX១២ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងក្ដារ ប្រក់ក្បឿង ខូចខាតទាំងស្រុងរួមទាំងទ្រព្យសម្បត្តិដូចជា អង្ករ១០០គីឡូក្រាម គ្រែ៤គ្រឿង លុយចំនួន២លាន កៅអី១០ តុ១០ ទូ២រួមទាំងទ្រព្យសម្បត្តិប្រើប្រាស់មួយចំនួនទៀត។ ៤.ឈ្មោះ យួន យ៉ុន ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរកសិករ ផ្ទះមានទំហំ៦ម៉ែត្រX៨ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងក្ដាត ប្រក់ក្បឿងឆេះ ៥០% ផ្នែកខាងមុខ។មូលហេតុនៃការឆាប់ឆេះបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង។

សូមបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនេះប្រើប្រាស់កម្លាំងសរុប៣២នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហៀង ហ៊ល ស្នងការរងនៃស្នងការដ្ឋានខេត្តកំពង់ធំ និងប្រើប្រាស់ឡានទឹក០៦គ្រឿង ឡានស្នងការនគរបាលខេត្ត០២គ្រឿង ឡានអធិការស្រុកកំពង់ស្វាយ០១គ្រឿង ឡានអធិការនគរបាលស្រុកស្ទោង០១ គ្រឿង ឡានឧកញ៉ាលឹមប៊ុណ្ណា០១គ្រឿង និងឡានអធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៩ឡានស្មើនឹង៤៥,៥០ម៉ែត្រគូបកន្លះ។