ខេត្តកំពង់ចាម ត្រូវបានប្រកាសជាខេត្តអស់មីន តាមរយៈគម្រោងសម្ដេច តេជោ ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម ជូនពលរដ្ឋ

0

កំពង់ចាម: ក្នុងពិធីប្រកាសខេត្តកំពង់ចាមជាខេត្តអស់មីន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា តាមរយៈគម្រោង សម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្តិភាព បង្កើតស្នាម។ញញឹម” ចាប់ពីខែសីហា ឆ្នាំ២០២២មក បានធ្វើការបោសសម្អាតចម្ការមីនដែលនៅសេសសល់ក្នុងទឹកដីខេត្តកំពង់ចាម ចំនួន ១១ចម្ការ ស្ថិតនៅ ក្នុងស្រុក ចំនួន៤ រួមមាន៖ ស្រុកបាធាយ ២ចម្ការ ស្រុកចំការលើ ២ចម្ការ ស្រុក ស្ទឹងត្រង់ ២ចម្ការ និងស្រុកកងមាស ៥ចម្ការ ដែលមានផ្ទៃដីសរុបជាង ១លានម៉ែត្រក្រឡា និងបានកម្ទេចចោល មីនប្រឆាំងមនុស្ស ចំនួន ៣៩គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៣គ្រាប់ ។​

ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន បានថ្លែងថា នៅខេត្តកំពង់ចាម គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សរុបប្រមាណជាង ៤៦,២ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣៤៩ចម្ការមីន /គ្រាប់ ត្រូវបានបោសសម្អាតរួចដោយរកឃើញ និងកំទេចចោលគ្រាប់មីន ប្រឆាំងមនុស្ស ចំនួន ១៤០៦គ្រាប់ មីនប្រឆាំងរថក្រោះ ១៤២គ្រាប់ និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះដទៃទៀត ៦៣ ៥៧៤គ្រាប់ ដោយប្រតិបត្តិករ ជាតិចំនួន ២ រួមមាន អង្គភាពស៊ីម៉ាក់ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ។ ឯកឧត្តម លី ធុជ បានសង្កត់ធ្ងន់ថា ភូមិអស់មីន ឬខេត្ត អស់មីន មិនមែនជាភូមិ ឬជាខេត្ត អស់ការ គម្រាមពីយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេ ពីព្រោះ​ថា​ខេត្តកំពង់ចាមនៅសល់ ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជាង ៦៧គីឡូម៉ ត្រក្រឡា ស្មើនឹង ៣៩០ចម្ការគ្រាប់ទៀត​ ។

មាន​ប្រសាសន៍​ក្នុង​ពិធី​នោះ​ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមប្រតិបត្តិករវិស័យមីនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្គ្រោះជីវិត និងរំដោះផ្ទៃដី ជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ និងកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ធានាដល់ ការអភិវឌ្ឍកម្ពុជាប្រកបដោយសុវត្ថិភាព ជាក់ស្ដែងនាថ្ងៃនេះបានរំដោះផ្ទៃដី និងប្រកាសខេត្តកំពង់ចាមអស់មីន។

ជាមួយ​គ្នា​នោះ​ ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេច តេជោ នាយករដ្ឋមន្រ្តី បានជំរុញឥតឈប់ឈរដល់កិច្ចខិតខំប្រឹងប្រែងក្នុងសកម្មភាពមីន និងតែងតែចាត់ទុកសកម្មភាពមីន ជាការងារអាទិភាពដ៏ចំបងនៅក្នុងសកម្មភាពស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសការឈានទៅសម្រេចបាននូវផែនការយុទ្ធសាស្ត្រ កាត់បន្ថយភាពកីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ដែលត្រូវបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹម ឆ្នាំ២០២៥ ដោយរយៈពេល ៣០ឆ្នាំកន្លងមកនេះ គឺសម្រេចបាននូវសមិទ្ធផលដ៏ធំធេងណាស់ ដោយយើងរំដោះផ្ទៃដីបានរាប់ពាន់គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ ដែលមានអ្នកទទួលផលប្រមាណជាង ៩លាននាក់។ ដូច្នេះកម្ពុជាគឺស្ថិតក្នុងចំណោមប្រទេស ក្នុងពិភពលោក ដំបូងគេ ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ​ ៕