អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥)

(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ដើម្បីពិនិត្យឡើងវិញនូវភាពត្រឹមត្រូវនៃដំណើរការកម្មវិធីវិនិយោគបីឆ្នាំរំកិល មុននឹងដាក់ជូនក្រុមប្រឹក្សា ពិនិត្យ និងអនុម័ត។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ការរៀបចំផែនការវិនិយោគបីឆ្នាំរំកិល ត្រូវដំណើរការស្របតាមការរៀបចំយុទ្ធសាស្ត្រថវិកា និងមុនការរៀបចំគ្រោងចំណាយថវិកាប្រចាំឆ្នាំ ដោយត្រូវចាប់ជំហានទី១ នៅដើមខែមិនា ដើម្បីប្រមូលផ្តុំធាតុចូលពីគ្រប់ស្ថាប័ន អង្គភាព និងអ្នកពាក់ព័ន្ធក្នុងគោលបំណងស្វែងយល់រួមគ្នាពីសក្តានុពល ធនធាន បញ្ហាប្រឈម តម្រូវការ និងដំណោះស្រាយនានា និងតម្រូវការជាអាទិភាពយ៉ាងពិតប្រាកដរបស់មូលដ្ឋានមានមូលដ្ឋាន។

ឯកឧត្តម អភិបាលខេត្ត បន្ថែមទៀតថា ដោយយោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅពេលក្រុមប្រឹក្សាចូលកាន់ដំណែង ត្រូវរៀបចំផែនការអភិវឌ្ឍន៍ប្រាំ ជាឯកសារគោលដ៏មានសារសំខាន់ និងប្រើប្រាស់ជាឯកសារគោលសម្រាប់តម្រង់ទិសក្នុងការដោះស្រាយនូវបញ្ហា និងតម្រូវការជាអាទិភាពយ៉ាងពិតប្រាកដរបស់មូលដ្ឋាន ដើម្បីរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍ និងក្របខ័ណ្ឌវិនិយោគសម្រាប់អាណត្តិប្រាំឆ្នាំរបស់ក្រុមប្រឹក្សា ហើយឯកសារនេះត្រូវបានយកទៅប្រើប្រាស់សម្រាប់រៀបចំសកម្មភាព និងថវិកាប្រចាំឆ្នាំតាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល។

ឯកឧត្តម ងួន រតនៈ បានស្នើដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់ពិនិត្យពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឲ្យបានច្បាស់លាស់ និងដោយយកចិត្តទុកដាក់ ដើម្បីប្រជុំឆ្លងក្រុមឆ្លងក្រុមប្រឹក្សាពិនិត្យ និងអនុម័ត។