ថវិកាជិត២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ត្រូវបានយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំពពក ស្រុកស្ទោង

0

(កំពង់ធំ)៖​  លោក​ គង់ សំអាត អភិបាលរងស្រុកស្ទោង អញ្ជើញបើកការដ្ឋាន គម្រោងសាងសង់ផ្លូវគ្រួសក្រហមប្រវែង៦១០ម៉ែត្រ ស្ពានមួយកន្លែង និងលូ​ប្រអប់០២កន្លែង របស់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចជំហ៊ានទី២ ចំណាយថវិកាជាង​ ២០ម៉ឺន​ដុល្លា​រសហរដ្ឋអាមេរិក ស្ថិតនៅភូមិកោះសំរោង ឃុំ ពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៣​។

លោក គង់ សំអាត​ អភិបាលរងស្រុកស្ទោង​ លើកឡើងថា សមិទ្ធផលថ្មីៗ និងហេដ្ឋារចនានាដែលកើតមានឡើងសព្វថ្ងៃអាស្រ័យដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរណ៌ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលថ្មី​នេះគឺពិតជាបានរួមចំណែកយ៉ាងសំខាន់​ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន និងបានលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត។

លោកអភិបាលរងស្រុកបានបន្តថា​ ដេីម្បីឲ្យសមិទ្ធផលនេះសាងសង់ប្រកបដោយគុណភាព​ អអាជ្ញាធរឃុំ អ្នកពាក់ព័ន្ធផ្សេងទៀត​ ត្រូវសហការគ្នាពិនិត្យមេីលដំណេីរការសាងសង់ឲ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស​ ដេីម្បីធនាបានគុណភាព​ ប្រើប្រាស់បានយូរអង្វែង ។​

លោក​ គង់ សំអាត​ អភិបាលរងស្រុកស្ទោងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវជួយថែរក្សាសមិទ្ធផលទាំងអស់ដែលរាជរដ្ឋាភិបាលសម្រេចបាននិងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីភូមិ ឃុំ/ស្រុក មានការរីកចំរើន។ ជាពិសេសសូមកុំរំលោភយកដីចំណីផ្លូវ ហើយបើកផ្លូវឲ្យបានធំទូលាយតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីសមិទ្ធផល ផ្លូវ និងសំណង់ធានាបាននូវគុណភាព អនាម័យ និងសោភ័ណភាពស្រស់ស្អាតផងដែរ។

គួរបញ្ជាក់ថាផ្លូវក្រាលគ្រួសក្រហម និងសំណង់ស្ពានលូ ដែលបើកការដ្ឋានសាងសង់នៅពេលនេះមានប្រវែងសរុប៦១០ម៉ែត្រ  ស្ពានមួយកន្លែង​ ដែលមានទទឹង៧ម៉ែត្រ  បណ្តោយ១៨ម៉ែត្រ និងលូ២កន្លែងប្រវែង១០ម៉ែត្រ ដែលចំណាយអស់ទឹកប្រាក់សរុបជិត២០ម៉ឺនដុល្លាសហរដ្ឋអាមេរិក និងប្រើរយៈពេលសាងសង់០៦ខែ គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធដោយក្រុមហ៊ុន ហុង ឆាយហេង៕