បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនកងកម្លាំង

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានប្រារព្ធពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗប្រចាំសប្តាហ៍ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនដល់កងកម្លាំង ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា មជ្ឈដ្ឋានទូទៅទាំងក្នុងនិងក្រៅប្រទេសដ៏ច្រើនលើសលប់ ពិសេសកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងនោះក៏មានអង្គភាពនិងយោធិនទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទប្រព័ន្ធបណ្ដាញផ្សព្វផ្សាយព័ត៌មានវីអូឌី ដែលបានផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់រាជរដ្ឋាភិបាល និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក  ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ​សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តចំពោះមុខ មានជាអាទិ៍ ទី​១ ការប្រើប្រាស់កងកម្លាំង ក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋសប្បាយរីករាយក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ក្រោមប្រធានបទទន្លេយើង ដើម្បីបច្ចុប្បន្ន និងអនាគត។ ទី២ ប្រុងប្រៀបកិច្ចការពារសន្តិសុខ​សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ទី៣ បន្តចូលរួមសហការជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងការចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ។ និងទី៤ បានសំណូមពរដល់កងកម្លាំងទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តសកម្មភាពចុះតាមមូលដ្ឋានដើម្បីបម្រើប្រជាជននិងអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត និងរួមគ្នាដោះស្រាយបញ្ហាប្រឈមមួយចំនួន ដើម្បីផលប្រយោជន៍ប្រជាជន ដោយអនុវត្តតាមទិសស្លោកកងទ័ពជាកូនចៅរបស់ប្រជាជន នឹងធ្វើអ្វីៗដើម្បីប្រជាជន ៕