អភិបាលរងខេត្តកំពង់ធំ ជំរុញផលិតភាព ផលិតកម្មដំណាំកសិកម្ម ផលិតករក្នុងស្រុក ត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ប្រកបដោយ អនាម័យ ស្តង់ដា ការដាក់ស្លាកថ្លៃផលិតឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស

0

(កំពង់ធំ)÷ លោក អ៊ូច សារិន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាងដ៍ខ្ពង់ខ្ពង់របស់ ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ឯកឧត្តមងួន រាសី អភិបាលរងខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ផលិតករ សិប្បករ ពាណិជ្ជកម្ម សហគមន៍ សមាគម ក្រុមហ៊ុន ព្រមទាំងសមាជិក សមាជិកា បានអញ្ជើញចូលរួមសិក្ខាសាលា ស្ដីពីការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ។

លោក អ៊ូច សារិន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ផលិតផលទាំងនេះ បាននឹងកំពុងចរាចរលើទីផ្សារនិងជំរុញការផ្សព្វផ្សាយតាមរយៈការពិព័រណ៍ ពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស ការធ្វើយុទ្ធនាការទិញផលិតផលខ្មែរ មាននៅតាមផ្សាររាត្រី និងនៅតាម វេទិកាផ្សេងៗតួយ៉ាងដូចក្នុងសិក្ខាសាលានាពេលនេះនឹងមានការដាក់តាំងបង្ហាញនូវផលិតផលទាំងនេះ ដើម្បីជំរុញការនាំចេញនៅនឹងកន្លែងឱ្យបានកាន់តែទូលំទូលាយ និងសំដៅជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា លក្ខណៈពិសេសខេត្តកំពង់ធំ គឺជាតំបន់វាលទំនាបណតសន្ធឹងរហូតដល់មាត់បឹងទន្លេសាប អំណោយផលខាងការដាំដុះ និងនេសាទ ហើយតំបន់ខាងលើផ្លូវជាតិ៦ ជាតំបន់ខ្ពង់រាបផ្ដល់អំណោយផលសម្រាប់ ដំណាំចម្ការ ដូចជា កៅស៊ូ ស្វាយចន្ទី និងដំឡូងមីជាដើម។ រាជរដ្ឋាភិបាលក៏ដូចជាខេត្តបានជំរុញវិស័យសំខាន់ៗ ដូចជាពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម ទេសចរណ៍ហិរញវត្ថុ ធនាគារ អប់រំ សេវាដឹកជញ្ជូន សុខាភិបាល អចលនទ្រព្យ សំណង់សណ្ឋាគារ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវប្រព័ន្ធទឹក អគ្គីសនី ប៉ុន្តែរយៈពេលបីឆ្នាំកន្លងមកនេះមានការរង ផលប៉ះពាល់ជំងឺកូវីដ-១៩ ជាសកល ដែលធ្វើឱ្យដំណើការអភិវឌ្ឍគ្រប់វិស័យមានការយឺតយ៉ាវ។

ឯកឧត្តមក៍បានបន្តទៀតថា ផលិតករក្នុងស្រុក ត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ប្រកបដោយ អនាម័យ ស្តង់ដា ការដាក់ ស្លាកថ្លៃផលិតឱ្យត្រូវតាមបទដ្ឋានបច្ចេកទេសតាមតម្រូវការរបស់អ្នកប្រើប្រាស់ដោយកំណត់ តម្លៃសមរម្យអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបាន។ កិច្ចការទាំងអស់នេះ ពិតជាត្រូវការពេលវេលានិងការខិតខំ ប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់បងប្អូនផលិតករ ពាណិជ្ជកររួមនឹងការចូលរួមគាំទ្រទិញផលិតផលខ្មែរពីប្រជាជនយើង ដើម្បីជួយឱ្យផលិតករមានលទ្ធភាពប្រកួតប្រជែងនិងពង្រឹងការធ្វើទំនើបកម្មផលិតផលរបស់ខ្លួន។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ ផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ដោយបានលើកទឹកចិត្តដល់វាគ្មិនទាំងអស់ដែលបានចូលរួមឆ្លើយសំណួរចម្លើយរបស់សិក្ខាកាមទាំងអស់ដែលមានចម្ងល់។ សម្រាប់ការនាំផលិតផលអ្វីមួយចេញទៅក្រៅប្រទេស ត្រូវពាក់ព័ន្ធនឹងករណីបំពេញបែបបទច្បាប់ក្នុងស្រុកជាមុនសិន ឱ្យបានត្រឹមត្រូវសម្រាប់ក្នុងការបើកអាជីវកម្មត្រូវមានឯកសារជាក់លាក់ និងត្រឹមត្រូវនៅក្នុងមូលដ្ឋាន៕