រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា វិស័យអប់រំចូលរួមចំណែកយ៉ាងសំខាន់ក្នុងការឈានទៅសម្រេចគោលដៅក្នុងការលុបបំបាត់ភាពក្រីក្រនិងការបណ្ដុះបណ្ដាលធនធានមនុស្ស

0

កំពង់ធំ៖ ឯកឧត្តម បណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២១- ២០២២ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាគរុកោសល្យខេត្តកំពង់ធំ នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៣ ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន បុត្ត អភិបាលរង ខេត្តកំពង់ធំ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ លោក លោកស្រី នាយក នាយិកាគ្រឹះស្ថានសិក្សានិងលោកគ្រូអ្នកគ្រូជាច្រើនរូប។
ថ្លែងនៅក្នុងកម្មវិធី ឯកឧត្តម បណ្ឌិត ទូច វិសាលសុខបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន វិស័យអប់រំពិតជាបានរួមចំណែក ឈានទៅសម្រេចគោលដៅ ក្នុងការលុបបំបាត់ភាពក្រីក្រ ឈានទៅពង្រីកនូវការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានការរីកចម្រើនជាលំដាប់ ចាប់ពីទីក្រុង ទីប្រជុំជនទៅដល់ទីជនបទដាច់ស្រយាល។
ឯកឧត្តមបណ្ឌិត បានបន្តថា អង្គសន្និបាតនាពេលនេះបានបង្កលក្ខណៈឱ្យយើងមានស្មារតីរួមសហការគ្នា ទម្លាប់ធ្វើការជាមួយគ្នា បណ្ដុះស្មារតី ដើម្បីសហការគ្នាជាធ្លុងសាមគ្គីជាតិ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំប្រកបដោយនិរន្តរភាព។
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានផ្ដល់នូវអនុសាសន៍ល្អៗជូនដល់អង្គសន្និបាតត្រូវពង្រឹងនិងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិតសិក្សា ខិតខំកែលម្អបរិស្ថានសាលារៀនតាមរយៈ ការសាងសង់បង្គន់អនាម័យ សំណង់ទឹកស្អាត បរិក្ខារសិក្សា ធានាបាននូវសុខុមាលភាពយ៉ាងសុខដុមរមនាដល់ក្មួយៗសិក្សានុសិស្សទាំងអស់ជាពិសេសត្រូវរួមគ្នា ទប់ស្កាត់អត្រាបោះបង់ការសិក្សា របស់សិស្សឲមកនៅកម្រិតទាបបំផុត។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានប្រគល់ជូននូវលិខិតសរសើរ ដល់ លោកនាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូ ដែលទទួលបានជ័យលាភីក្នុងឆ្នាំសិក្សា ២០២១-២០២២ ផងដែរ ៕