អភិបាលស្រុកតាំងគោក ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលមានជីវភាពខ្វះខាត និងពិការភាព នៅឃុំអណ្តូងពោធិ៍

0

កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ រួមជាមួយមន្ត្រីសាលាស្រុក អាជ្ញាធរឃុំ បានបន្តចុះពិនិត្យស្ថានភាពភូមិសាស្ត្រ និងសួរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិនៅតាមផ្ទះ នៃឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ព្រមទាំងចែកអំណោយដល់ជនចាស់ជរា ជនពិការ និងគ្រួសារទីទ័លក្រចំនួន១០គ្រួសារ ។
នាឱកាសនោះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខដឹកនាំពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាសម្តេចមិនបានមកផ្ទាល់ដោយសារមានកិច្ចការមមាញឹកក្នុង និងក្រៅប្រទេសសម្តេចក៏ជំរុញឲ្យមន្រ្តីក្រោមឱវ៉ាត ជាពិសេសអាជ្ញាធរមូលដ្ឋានឧស្សាហ៍ចុះសួរសុខទុក្ខ និងសំណេះសំណាលតាមផ្ទះប្រជាពលរដ្ឋ ដែលជួបការលំបាក ហើយនាំគ្នាជួយដោះតាមលទ្ធភាព។
លោកអភិបាលស្រុកតាំងគោកបានបញ្ជាក់ថា ការចុះសួរសុខទុក្ខដោយផ្ទាល់នេះ គឺដើម្បីពិនិត្យស្ថានភាពផ្ទាល់ពីជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានរំលឹកទៅដល់ប្រជាជនទាំងអស់ ពិសេសចាស់ជរាគ្មានទីពឹង ជនពិការភាព សូមឲ្យបន្តថែទាំសុខភាពជាប្រចាំ ព្រោះអាកាសធាតុមានការប្រែប្រួល និងចូលរួមអនុវត្តនូវវិធានការ ដោយបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋលោក ហាក់ ម៉ុងហួត ក៏បានលើកឡើងពីគុណបំណាច់របស់ថ្នាក់ដឹកនាំជាពិសេសសម្តេច ហ៊ុន សែន ដែលបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ការសម្លាប់ប្រជាជនយ៉ាងរង្គាល រហូតដល់មានថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រមទាំងបន្តមកព្រឹត្តិការណ៍ស្វែងរកសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន ការកសាងប្រទេសជាតិ ចាប់ពីបាតដៃទទេ នាំមកនូវការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ វាមិនមែនជាការបំភ្លៃប្រវត្តិសាស្ត្រនោះឡើយ តែជាសច្ចធម៌ប្រវត្តិសាស្ត្រយ៉ាងពិតប្រាកដ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានក្រើនរំលឹកឲ្យអាជ្ញាធរភូមិ ឃុំ បន្តចុះជួបដើម្បីដឹងសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គឺមិនបណ្តែតបណ្តោយ ទុកឲ្យពុកម៉ែ បងប្អូនណាម្នាក់គាត់ ស្លាប់បាត់បង់ជីវិត ដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្ខពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ៕