លោកជំទាវ បាន ស្រីមុំ គណៈគ្រប់គ្រងសាលានីមួយៗ ត្រូវលុបបំបាត់ក្មេងទំនើង នៅក្នុងសាលា ចំណែកលោកគ្រូ អ្នកគ្រូ ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌ជាគ្រូបង្រៀន

0

ប៉ៃលិន៖ មានប្រសាសន៍ក្នុងពិធីបិទសន្និបាទបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្ត ក្នុងឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅការងារបន្តឆ្នាំសិក្សា២០២២-២០២៣ នៅសាលប្រជុំមន្ទីរអប់រំ ខេត្ត នារសៀលថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានជំរុញដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលាទាំងអស់ ត្រូវលុបបំបាត់ឲ្យបាន នូវក្មេងទំនើង ក្មេងពាល នៅក្នុងសាលាដែលខ្លូនគ្រប់គ្រង់ ដោយសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាឲ្យខេត្ត គ្មានអំពើហិង្សា ព្រោះតែក្មេងទំនើងទាំងនេះ ចំណែកលោកគ្រូ អ្នកគ្រូ ក៍ត្រូវតែប្រកាន់ភ្ជាប់ក្រមសីលធម៌ជាគ្រូបង្រៀន។ពិធីនេះក៍មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង លោកស្នងការរង លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរជំវិញខេត្ត លោកស្រីអភិបាលរងក្រុង/ស្រុក លោកមេឃុំ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរដែនដីជាច្រើនរូប។
បើតាមលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា៖ សន្និបាតអប់រំខេត្ត រយៈពេលមួយថ្ងៃកន្លះនេះ បានដំណើរការពិភាក្សារួមគ្នា លើសេចក្តីព្រាងរបាយការណ៍ ទិសដៅ និងពិភាក្សាប្រធាន បទសំខាន់ៗ មួយចំនួន ស្របទៅតាមអនុវិស័យទាំង៦ រួមមាន អនុវិស័យ ការអប់រំកុមារតូច អនុវិស័យ ការអប់រំបឋមសិក្សា អនុវិស័យ ការអប់រំ មធ្យមសិក្សានិងបច្ចេកទេស អនុវិស័យ ការអប់រំក្រៅប្រព័ន្ធ អនុវិស័យ ការអភិវឌ្ឍយុវជន និងអនុវិស័យ ការអប់រំកាយ និងកីឡា គឺជាវេទិកាដ៏សំខាន់បំផុត សម្រាប់ឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចសេសសល់ ដែលបានអនុវត្តន៍កន្លងមក ដើម្បីជាមូលដ្ឋានលើកទិសដៅអនុវត្តន៍បន្ត ដោយបើកទូលាយជូនមន្ត្រីគ្រប់គ្រង អប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ បានចូលរួមផ្តល់យោបល់ផងដែរ។ លោកប្រធាន ក៍បានបញ្ជាក់ដែរថា៖ នៅខេត្តប៉ៃលិន មានសាលារៀនឯកជន និងរដ្ឋ មានចំនួន ១១៦សាលា ព្រមទាំងសិស្សសរុបចំនួន១៩១៨០នាក់ ស្រី៩៤៩៦នាក់ ផងដែរ។
មានប្រសាសន៍ក្នុងពិធីនោះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ វិស័យអប់រំ បើទោះបីជាស្ថិត ក្នុងដំណាក់កាល រីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏វិស័យមួយនេះ នៅតែដំណើរការ ហើយមន្ទីរអប់រំ បានបំពេញការងារ លើវិស័យអប់រំនេះ បានយ៉ាងល្អប្រសើរ ឆ្លើយតបទៅនឹងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាផែនការអប់រំរបស់រដ្ឋបាលខេត្តប៉ៃលិន ដោយធ្វើឡើងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ឈានទៅលុបបំបាត់ភាព អក្ខរកម្មអោយអស់នៅខេត្តប៉ៃលិន ។លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បន្តថា៖ ប្រទេសយើង នៅសល់តែ៦៣ថ្ងៃទៀត ប៉ុណ្ណោះ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ហើយសម្រាប់សិស្សានុសិស្ស ដែលត្រូវចូលរួមក្នុងកម្មវិធី ត្រូវខិតខំហ្វឹកហាត់ ដើម្បីឈានទៅដណ្ដើមយកជ័យជម្នះ ក្នុងការប្រកួតកីឡាស៊ីហ្គេមនេះ ព្រោះជាមុខមាត់របស់ប្រទេសជាតិយើង ។ជាមួយគ្នានេះមន្ទីរអប់រំ យុវជន និងកីឡា ត្រូវណែនាំដល់ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ នៅតាមសាលានិមួយៗ ធ្វើយ៉ាងណាលុបបំបាត់ក្មេងទំនើង នៅក្នុងសាលារៀន ពង្រឹងវិស័យអប់រំ ដោយរកវិធីសាស្រ្ត កុំឱ្យសិស្សបោះបង់ការសិក្សា និងធ្វើយុទ្ធនាការប្រឡងប្រណាំង នៅតាមសាលា ដើម្បីទទួលបានរង្វន់លើកទឹកចិត្ត ពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន