ឯកឧត្ដម អ៊ុន ចាន់ដា នាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្តល់ជូន​ពលរដ្ឋងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៧៥គ្រួសារ​ នៅ​ស្រុក​ចំការលេី​

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត​ បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា  ផ្តល់​ជូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៧៥គ្រួសារ  ដែលពិធីនេះ បានធ្វើ​ឡេីង​នាព្រឹកថ្ងៃទី​៥​ ខែមីនា​ ឆ្នាំ​២០២៣​ នៅវត្តអម្ពនារាម ស្ថិត​ក្នុង​ឃុំ​តាអុង ក្នុងស្រុកចំការលើ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានពាំនាំជាមួយសេចក្តីកង្វល់ និងបណ្តាំផ្ញើ​សាកសួរសុខទុក្ខ  ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូនជនរួមជាតិ ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត ។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេស លោកតា លោកយាយចាស់ៗ ក្នុងស្ថានភាពដែលអាកាសធាតុ មានការប្រែប្រួល សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរ លោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពល្អរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ ។

នាឱកាសនោះ ឯកឧត្ដមប្រធានគណៈកម្មាធិការសាខា និងក្រុមការងារ បានអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូន ប្រជាពលរដ្ឋ ជាជនងាយរងគ្រោះទាំង ៧៥គ្រួសារ រួមមាន ចាស់ជរាគ្មានទីពឹង ១៥ គ្រួសារ ជនមានពិការភាព ១៨គ្រួសារ ស្ត្រីមេម៉ាយក្រីក្រ ២២គ្រួសារ មានជំងឺប្រចាំកាយ ០៣គ្រួសារ និង ទ័លលំបាក ១៧គ្រួសារ  ដោយក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គ.ក្រ ទឹកត្រី ១យួរ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង សាប៊ូ លុច្ស ៤ដុំ ឃីត ១កញ្ចប់ អាវយឺត ៤ ម៉ាស់ ១០បន្ទះ និង ថវិកាចំនួន ៥០.០០០រៀល ។ ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះអនុគណ និង ព្រះចៅអធិការវត្តអម្ពនារាម តាអុង នូវ អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤យួរ ទឹកសុទ្ធ ២កេស និងបច្ច័យ មួយចំនួន ផងដែរ ៕