ខេត្តកែបរៀបចំពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣

0

(ខេត្តកែប)៖ នៅសាលប្រជុំសាលាខេត្តកែប នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ មន្ទីរកិច្ចការងារនារីខេត្តកែប បានរៀបចំពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២ះ០២៣ ក្រោមប្រធានបទ ” ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល ” ដែលប្រព្រឹត្តឡេីង ក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត លោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ប្រធានកិត្តិយសសមាគមន៍នារីខេត្ត ក្នុងឱកាស នោះក៏បានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សា ខេត្ត លោកប្រធាន សាលាដំបូងខេត្ត ព្រះរាជអាជ្ញា លោក លោកស្រី អភិបាលរងខេត្ត តំណាងកងកម្លាំងទាំងបី អភិបាល ក្រុង ស្រុក ប្រធាន មន្ទីរ និងបងប្អូននារី តាមមន្ទីរ ស្ថាប័ន អង្គភាពនានាជុំវិញខេត្តផងដែរ។

ក្នុងពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា នាព្រឹកនេះ បន្ទាប់ពីបានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា នោះរួចមក លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្ត បានបញ្ជាក់ថា៖ ស្រ្តីកម្ពុជាត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ទាំងនៅក្នុងក្របខណ្ឌអភិបាលកិច្ច កិច្ចគាំពារសង្គម ការស្តាសេដ្ឋកិច្ច អោយមានមុខមាត់លើឆាកអន្តជាតិ គឺជាគុណតម្លៃ ដែលស្រ្តីគ្រប់រូបមានសិទ្ធិ និងឱកាសពេញលេញក្នុងការទទួលបានជម្រើស ភាពជាតំណាង ចូលរួមប្រកបដោយសក្តានុពល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដែលកំពុងវិវត្តន៍ទៅជាសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រកបដោយចីរភាព និងបរិយាបន្ន ពិសេសនោះការខិតខំប្រឹងប្រែងចូលរួមអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីរួមកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើ នាឱកាសនោះ ឯកឧត្តម សំ សារីន បា នលេីកឡេីងថា៖ ក្រោមម្លប់នៃសន្តិភាព ខ្ញុំសូមគាំទ្រលើប្រធានបទ ” ស្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃសមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញអោយដៃគូពាក់ព័ន្ធ បន្តអនុវត្តវិធានការ គោលនយោបាយ កម្មវិធីនិងសកម្មភាពជាក់លាក់នានា ក្នុងការលើកកម្ពស់សមភាព និងបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងរបៀបវារៈ ស្តារសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមម្លប់សន្តិភាព និងការលើកកម្ពស់វប្បធម៌អហឹង្សា ដែលរាជរដ្ឋាភិបាលបានកំពុងគាំទ្រជំរុញអោយមានការចូលរួមពីគ្រប់ស្ថាប័នទាំងបុរស ទាំងស្ត្រី មានការលើកកម្ពស់សិទ្ធិ ក៏ដូចជាសុខុមាលភាព ការកាត់បន្ថយអំពើហឹង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

ក្រោមម្លប់នៃសន្តិភាព ក្នុងយុគសម័យឌិជីថល សូមអោយស្ត្រីទាំងអស់ទទួលបាននៅសុខសន្តិភាព គ្មានអំពើហឹង្សា គ្មានការរើសអើង ដែលស្រី្តទាំងអស់ក្នុងលោកតែងប្រាថ្នាចង់បាន ព្រោះថាបើមានសុខសន្តិភាព ទើបមានការអភិវឌ្ឍ ព្រមទាំងមានការរស់នៅសុខដុមរមនា និងផ្តល់ឱកាសអោយបុរស ស្ត្រីមានសិទ្ធិចូលរួមស្មើភាព និងជាដៃគូរមិនអាចខ្វះបាន៕ សេង ណារិទ្ធ