រដ្ឋបាល ខេត្តកំពង់ចាមបានអនុវត្តយ៉ាងសកម្មនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវគោលនយោបាយនិងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា

0

កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន ថ្លែងថា រដ្ឋបាលខេត្ត បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាព នយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ។ ការ ថ្លែង បែប នេះ ក្នុង ឱកាសបើក អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២ ៣ របស់រដ្ឋបាលខេត្ត កំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន លេីកឡេីង ថា កងកម្លាំងនគរបាល កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានបន្ត សហការនឹងបានចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ក្នុងខេត្ត កាន់តែមានប្រសិទ្ធភាពថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បាន បន្ត ថា កម្លាំង សមត្ថកិច្ច បាន បង្ក្រាបបទល្មើស និងអាជីវកម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ក៏ដូចជាវិធានការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ អាវុធជាតិផ្ទុះ ក៏បានខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងសស្រាក់សស្រាំ និងទទួលបានការគាំទ្រ ការចូលរួមកាន់តែច្រើនពីសាធារណជន។ ការគ្រប់គ្រងវត្តមានជនបរទេសអន្តោប្រវេសន៍ ក៏ត្រូវបានយកចិត្តទុកដាក់ជាបន្ថែមទៀត និងកាន់តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមនឹងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានធ្វើការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ចតាមកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើឱ្យរដ្ឋបាលខេត្តកំពង់ចាមសម្រេចបានសមិទ្ធផលនានា ជាច្រើននៅរយៈពេលកន្លងមក ៕