អភិបាលរងខេត្តតាកែវអំពាវនាវដល់សិស្សានុសិស្ស ប្អូនៗយុវជនត្រូវចូលរួមផ្សព្វផ្សាយ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលវាធ្វើឲ្យប៉ះពាល់សុខភាពខ្លួនឯងគ្រួសារនិងសង្គមជាតិ

0

តាកែវ៖ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយផលប៉ះពាល់គ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀនដល់សិស្ស យុវជនកាយរិទ្ធិ និងយុវជនកាកបាទក្រហម នាព្រឹកថ្ងៃច័ន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលមហោស្រពខេត្តតាកែវ លោក យង់ សុវឌ្ឍនា អភិបាលរងខេត្ត និងជាប្រធានលេខាធិកាដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវបានធ្វើការអំពាវនាវដល់ប្អូនៗសិស្សានុសិស្ស យុវជន ត្រូវបង្កើនសកម្មភាព អប់រំផ្សព្វផ្សាយដល់គ្រប់ស្រទាប់មហាជន ពិសេសប្អូនៗត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន ដែលវាធ្វើអោយប៉ះពាល់សុខភាពខ្លួនឯង គ្រួសារ និងសង្គមជាតិ។
លោកអភិបាលរងខេត្តបានមានប្រសាសន៍ថាបញ្ហាគ្រឿងញៀនជាបញ្ហាសង្គមមួយដ៏រ៉ាំរៃ និងស្មុគស្មាញដែលវា បង្ករផលវិបាកជាច្រើនដល់សង្គមជាតិ រួមនិងមនុស្សទូទៅ។ ហើយការដោះស្រាយបញ្ហាគ្រឿងញៀននេះទាមទារអោយមានការចូលរួមចាប់ពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ ជាដើមដើម្បីធ្វើយ៉ាងណាឈានទៅរកការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។
លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវបានមានប្រសាសន៍បន្តទៀតថាគ្រឿងញៀនវាបំផ្លាញទាំងរូបរាង្គកាយ សុខភាព បញ្ញាស្មារតី និងអាចឈានដល់ការស្លាប់ទៀតផង ដូច្នេះក្នុងនាមប្អូនៗជាសិស្សានុសិស្ស និងជាទំពាំងស្នងឫស្សីជំនាន់ក្រោយ ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន រួមគ្នា ទប់ស្កាត់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទដើម្បីធានាបាននូវគោលនយោបាលភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញគ្មានអំពើឆក់ប្លន់ អំពើហឹង្សា ក្មេងទំនើង កើតឡើងនៅមូលដ្ឋានតទៅទៀត ព្រោះបទល្មើសផ្សេងៗវាកើតឡើងពីយុវជនដែលប្រើប្រាស់គ្រឿងញៀន ។
បើតាមលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវបានអោយដឹងថានៅក្នុងខែកុម្ភៈកន្លងមកនេះកងរាជអាវុធខេត្តតាកែវបានចុះបង្រាបទីតាំងដាំដំណាំកញ្ឆាខុសច្បាប់មួយកន្លែង ដែលបានដកហូតវត្ថុតាងរួមមាន៖ ដើមកញ្ឆាចំនួន១៦៧៦ដើម ស្មើរនឹង៦ទីតាំង និងអាងស្តុកទឹកចំនួន៤ លើផ្ទៃដី១០២៨ម៉ែត្រការ៉េ និងបានសហការជាមួយមន្រ្តីមូលដ្ឋាន ភូមិ-ឃុំ ចុះបង្រាបបទល្មើសគ្រឿងញៀនបានចំនួន២០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣៤នាក់ ស្រី០៥នាក់ និងអនុវត្តតាមដីកាចំនួន៤ដីកា ជនសង្ស័យចំនួន៤នាក់ផងដែរ៕