អភិបាលស្រុកស្ទោងលើកទឹកចិត្តបន្ថែមដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ/ឃុំ ទាំងអស់ឲ្យអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនក្លាយជាគ្រូកសិកម្មប្រចាំភូមិ/ឃុំ

0

កំពង់ធំ÷ ពិធីប្រកាសទទួលស្គាល់ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ/ឃុំ ក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍វិស័យកសិកម្មស្រុកស្ទោង ដែលជាគម្រោង ការលើកកម្ពស់អាហារូបត្ថម្ភមូលដ្ឋាន តាមរយៈការចងក្រង និងពង្រឹងសមត្ថភាពដល់ ភ្នាក់ងារកសិកម្មភូមិ/ឃុំ ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍវិស័យកសិកម្មប្រកមដោយនិរន្តរភាព ក្រោមការការរៀបចំដោយ រដ្ឋបាលស្រុកស្ទោង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ និងឧបត្ថម្ភគាំទ្រដោយគម្រោងGIZ MUSEFO។

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីភាព ក្នងពិធីប្រកាសទទួលស្គាល់ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ/ឃុំ ក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍វិស័យកសិកម្មស្រុកស្ទោង ដែលជាគម្រោង ការលើកកម្ពស់អាហារូបត្ថម្ភមូលដ្ឋាន តាមរយៈការចងក្រង និងពង្រឹងសមត្ថភាព ដល់ភ្នាក់ងារកសិកម្មភូមិ/ឃុំ។

ថ្លែងនៅចំពោះមុខសិក្ខាមនៅក្នុងឱកាសនេះ លោក សាយ គឹមឡម បានណែនាំដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ/ឃុំ គ្រប់រូបត្រូវអនុវត្ត និងប្រតិបត្តិកិច្ចការរបស់ខ្លួនឲ្យបានចំគោលដៅនិងមានប្រសិទ្ធភាពដើម្បីជាការចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់វិស័យកសិកម្មក៏ដូចជាសេដ្ឋកិច្ចគ្រួសារនៅតាមសហគមន៍របស់ខ្លួនផ្យកាន់តែប្រសើរឡើង។

ជាមួយនេះផងដែរ លោកអភិបាលស្រុកស្ទោង បានលើកទឹកចិត្តបន្ថែមដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិ ឃុំ ទាំងអស់ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យក្លាយជាគ្រូកសិកម្ម ប្រចាំភូមិ/ឃុំ ក្នុងការចូលរួមផ្សព្វផ្សាយ បណ្តុះបណ្តាលបន្តដោយផ្ទាល់ដល់កសិករឬសហគមន៍ ដើម្បី ឲ្យថ្លៃដើមនៃការផលិតទាប ហើយទទួលបានទិន្នផលខ្ពស់មានគុណភាព លក់បានថ្លៃខ្ពស់និងជាការឆ្លើយតបឲ្យបានទាន់ពេលវេលាស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងបញ្ចប់ លោកសាយ គឹមឡម បានណែនាំដល់ភ្នាក់ងារគ្រប់រូបត្រូវ រួបរួមសាមគ្គី សហការគ្នា ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ/ឃុំ ផ្ទាល់ ក៏ដូចជាការកៀរគរមូលធន និងធាតុចូល ក្នុងការជំរុញការផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពដល់កសិករនិងសហគមន៍ផ្ទាល់ដែលជាជំនាញចាំបាច់មួយដ៏មានសក្តានុពលក្នុងការលើកកម្ពស់ដេស្ឋកិច្ចសហគមន៍ឲ្យកាន់តែប្រសើរឡើងថែមទៀត ហើយរដ្ឋបាលឃុំ ត្រូវបង្កើនការការកសាងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងប្រព័ន្ធស្រោចស្រពឲ្យបានស្អេកស្កះថែមទៀតដែលជាវិស័យអាទិភាពចម្បងបំផុត និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ។

គួបញ្ជាក់ថា ពិធីប្រកាសទទួលស្គាល់ភ្នាក់ងារនៅពេលនេះគឺមាន០៤ឃុំ គឺឃុំសំព្រោជ ឃុំចំណាក្រោម ឃុំរុងរឿង និងឃុំបន្ទាយស្ទោង ដែលស្មើនឹង៥១ភូមិ អ្នកផ្សព្វផ្សាយឃុំ០៤នាក់ អ្នកផ្សព្វផ្សាយភ្នាក់ងារភូមិ៥១នាក់ផងដែរ។