សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចែកអំណោយមនុស្សធម៌ជារទេះរុញ ដល់ពលរដ្ឋទីទ័លក្រ និងជនពិការ ចំនួន៧គ្រួសារ ក្នុងស្រុកសាលាក្រៅ

0

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៣ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសាខាកាកបាទក្រហកម្ពុជា ខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ ដោយសហការ ជាមួយក្រុមយុវជន ស.ស.យ.ក.ឃុំស្ទឹងកាច់ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជារទេះរុញ ប្រគល់ជូនជនពិការចំនួន៧គ្រួសារ រស់នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំនួន៤គ្រួសារ និងរស់នៅក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន៣គ្រួសារ។
នៅក្នុងឱកាសនេះ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសាខាកាកបាទក្រហកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែលជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា។ ជាក់ស្តែងនៅថ្ងៃនេះ ជនងាយរងគ្រោះ គ្រួសារក្រីក្រ និង ជនពិការចំនួន ៧គ្រួសារ ដែលទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត គឺធ្វើឡើង ដោយមិនប្រកាន់និន្នាកានយោបាយអ្វីឡើយ ឱ្យតែកន្លែងណាមានការលំបាក និងរងគ្រោះដោយប្រការផ្សេងៗ គឺតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជានិច្ច។ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ ក៍បានណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខភាព ឱ្យបានល្អ ជាពិសេស ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុ ភ្លៀងផ្គរ រន្ទះ និង រកកន្លែងមានសុវត្ថិភាព ហើយត្រូវចូលរួម ដាំដើមឈើជុំវិញផ្ទះ ដើម្បីការពារខ្យល់បក់បោកខ្លាំង និងត្រៀមលក្ខណៈបង្កបង្កើនផល តាមរដូវកាល។លោកជំទាវអនុប្រធាន ក៍បានលើកទឹកចិត្ត ដល់ក្រុមគ្រួសារជនពិការទាំង៧គ្រួសារ សូមកុំអស់សង្ឃឹម ត្រូវតស៊ូបន្តទៀត ព្រោះនៅមានក្រុមគ្រួសារ នឹងតាមជួយ ជ្រោមជ្រែងបន្តទៀត ជាមួយគ្នានេះក៍ត្រូវខំថែបំប៉នសុខភាព ធ្វើអនាម័យខ្លួនប្រាណ សម្អាតដៃជើង ជាប្រចាំការពារជំងឺឆ្លង សម្រាកក្នុងមុង គោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ជាងនេះទៅទៀត នៅពេលបងប្អូន ធ្វើដំណើរដោយរទេះរុញ ទៅតាមផ្លូវសាធារណៈ ក៍ត្រូវមានការប្រុងប្រយ័ត្នជានិច្ចផងដែរ។
សូមបញ្ជាក់ថា៖ បងប្អូនជនពិការទាំង៧គ្រួសារ ដែលទទួលបានរទេះរុញ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន មកពីឃុំចំនួនពីរ នៃស្រុកសាលាក្រៅ គឺឃុំស្ទឹងកាច់ និងឃុំអូរអណ្តូង ក្នុងនោះមានភូមិបឹងប្រលឹត ឃុំស្ទឹងកាច់ចំនួន១គ្រួសារ,ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ចំនួន១គ្រួសារ ,ភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ចំនួន១គ្រួសារ ,ភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ចំនួន១គ្រួសារ ,ភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ចំនួន២គ្រួសារ និងភូមិអូរទឹកភ្លាវ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ចំនួន១គ្រួសារ ។ ចំណែកអំណោយ ដែលសាខា ផ្តល់ជូនក្នុងម្នាក់ៗទទួលបាន៖ រទេះរុញចំនួន ១រទេះ ព្រមទាំងអំណោយអនុសាខាស្រុកសាលាក្រៅ មានអង្ក ២៥គីឡូក្រាម និងទឹកសុទ្ធ ៣យួរ ផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន