មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយផែនការរំលឹកមេរៀនក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបរយៈពេលខ្លី​ ជូនយោធិ

0

    (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥​  ខែមីនា​ ឆ្នាំ២០២៣​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ស្ថិតនៅភូមិថ្នល់បែក​ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដំណើរការផ្សព្វ ផ្សាយផែនការហ្វឹកហ្វឺនរំលឹកមេរៀនលំហាត់ក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបរយៈពេលខ្លី ជូនដល់យោធិនវ័យក្មេងចំនួន ៨៥នាក់ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ​ សោម ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកអនុសេនីយ៍ឯក​ ឈា ពិសិដ្ឋ នាយរងការិយាល័យហ្វឹកហ្វឺននៃបញ្ជាការដ្ឋានតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីផែនការនិងកម្មវិធី​ ដែលត្រូវដំណើរការ ហ្វឹកហ្វឺនរំលឹកមេរៀនក្បាច់គុនកងយោធពលខេមរភូមិន្ទ និងរំលឹកមេរៀនរំហាត់របៀប​ ជូនដល់នាយទា ហាន នាយទាហានរង និងពលទាហាន ក្នុងនោះក៏មានយោធិននារីមួយចំនួនផងដែរ​ ដែលត្រូវចូលរួមក្នុងការហ្វឹកហ្វឺនរំលឹកមេរៀនលំហាត់របៀបនៅក្នុងពេលនេះ ។

ឧត្តមសេនីយ៍ទោ​ សោម ស៊ុន បានបញ្ជាក់ជូនថា ដោយអនុវត្តតាមបទបញ្ជា និងផែនការរបស់ឯកឧត្តម​ ឧត្ត្តមសេនីយ៍ឯក​ ពៅ​ ហេង មេបញ្ជា ការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិ ភាគទី ៤​ ដែលតម្រូវឲ្យគ្រប់កងឯកភាពចំណុះយោធភូមិភាគទី ៤​ ម្ចាស់ការហ្វឹកហ្វឺនរំលឹកមេរៀនលំហាត់ក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀប ឲ្យបានជាប់ជា ប្រចាំ ដើម្បីពង្រឹងកាយសម្បទារបស់កងទ័ពរឹងមាំក្នុងពេលបំពេញភារកិច្ចតាមការចាត់តាំងបញ្ជា និងធ្វើឱ្យវិន័យលំហាត់របៀបរបស់កង យោធពលខេមរភូមិន្ទ​ កាន់តែប្រសើរឡើង។

ឧត្តមសេនីយ៍ទោ​ សោម​ ស៊ុន បានសំណូមពរដល់យោធិនទាំងអស់ដែលត្រូវហ្វឹកហាត់បំប៉ន នៅពេលនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការ រៀនសូត្រ និងអនុវត្តឲ្យបានមុឺងម៉ាត់តាមការ ណែនាំនិងការបង្ហាត់បង្រៀនរបស់ក្រុមគ្រូយោធាចារ្យ និងជាពិសេសអនុវត្តឱ្យបានម៉ត់ចត់បំផុតតាមបទបញ្ជាផ្ទៃក្នុងរបស់វគ្គហ្វឹកហ្វឺននៅក្នុងពេលរៀនសូត្រ។

នៅក្នុងឱកាសនេះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានសំណូមពរដល់លោកគ្រូយោធាចារ្យទាំងអស់ ត្រូវបញ្ចេញឲ្យ អស់សមត្ថភាពដើម្បីបង្ហាត់បង្រៀនសិក្ខាកាមយើង ឲ្យទទួលបានលទ្ធផលល្អ ។

នាយទាហាន នាយទាហានរង និងពល ទាហាន​ ដែលជាសិក្ខាកាមវ័យក្មេងទាំងអស់បានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្រ ទាំងការរំលឹកមេរៀនក្បាច់គុនកងយោធពលខេមរភូមិន្ទ និងការហ្វឹកហ្វឺនលំហាត់របៀបរយៈពេលខ្លីនេះ​ ឲ្យទទួលបានជោគជ័យ តាមផែនការ​ ដែលថ្នាក់លើបានប្រគល់ជូន ៕