អភិបាលស្រុកតាំងគោក ចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្តារប្រឡាយស្រោចស្រព១ខ្សែមានប្រវែង ៣.៦៧១ម៉ែត្រ នៅឃុំពង្រ

0

(កំពង់ធំ)÷ ថ្ងៃព្រឹកទី១៦ ខែមីនា ឆ្នាំ២០២៣ លោក​ ហាក់​ ម៉ុងហួត​ អភិបាលស្រុកតាំងគោក​ បានអញ្ជេីញជាអធិបតី ក្នុងពិធីបេីកការដ្ឋានស្តារប្រឡាយ១ខ្សែមានប្រវែង ៣.៦៧១ម៉ែត្រ  និងមានការចូលរួមពីកងកំលាំងទាំងបី ប្រធានការិយាល័យជុំវិញស្រុក លោកមេឃុំ មេភូមិ និងប្រជាពលរដ្ឋប្រមាណជាង២០០នាក់ ។

លោក អ៊ុម គីមសាន មេឃុំពង្រ បានឡើងមានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបពីការអភិវឌ្ឍរបស់ឃុំ ព្រមទាំងគម្រោងស្តារប្រឡាយស្រោចស្រព ១ខ្សែប្រវែង ៣.៦៧១ ម៉ែត្រ នៅភូមិថ្នល់កែង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលបានការឧបត្ថម្ភថវិការដោយ ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ប្រឡាយស្រោចស្រពនេះអ្នកទទួលមកផលចំនួន៣៣០គ្រួសារ។

នៅក្នុងឱកាសនោះផងដែរ លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក បាន
ថ្លែងអំណរគុណទៅដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុង ឃុំពង្រទាំងអស់ដែលបានសហការយ៉ាងល្អនៅក្នុងដំណើរការនៃស្តារប្រឡាយ ព្រមទាំងបរិចាគនូវដីស្រែបន្តិចបន្តួចក្នុងការចូលរួម។ លោកអភិបាលស្រុកតាំងគោកក៏បានបញ្ជាក់ផងដែរថា ប្រឡាយ១ខ្សែនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ គឺបានមកពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានដែលមានសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ប្រទេសកម្ពុជាសព្វថ្ងៃនេះកំពុងតែអភិវឌ្ឍ ទៅលើគ្រប់វិស័យ មិនថាទីក្រុងឬទីជនបទឡើយ។ការអភិវឌ្ឍទាំងនេះក៏ដោយសារប្រទេសមានសុខសន្តិភាព ដូច្នេះសូមបងប្អូនចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស បើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍន៍ ។សមិទ្ធផលនេះមានគុណប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសវិស័យកសិកម្ម ដែលបងប្អូនយើង ៨០%ធ្វើស្រែ ដូចនេះហើយទើបរាជរដ្ឋាភិបាលសម្រេចផ្តល់ជូននូវការស្តារប្រឡាយស្រោចស្រពនេះ ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានផ្តាំផ្ញើ និងសំណូមពរឲ្យម្ចាស់ក្រុមហ៊ុនមេត្តាយកចិត្តទុកដាក់អនុវត្តឱ្យបានស្របតាមបទដ្ឋានបច្ចេកទេស ធានាគុណភាព និងមានសោភ័ណភាព ព្រមទាំងគោរពឲ្យបាននូវពេលវេលាកំណត់។ អាជ្ញាធរដែនដី ត្រូវផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ត្រួតពិនិត្យឲ្យបានត្រឹមត្រូវនូវទំហំ ប្រវែងដែលក្រុមហ៊ុនបានចុះកិច្ចសន្យា៕