ពិធីបុណ្យផ្កាប្រាក់សាមគ្គី ឆ្លងខ្លោងទ្វារ និងពុទ្ឋាភិសេក នៅវិទ្យាល័យស្ទឹងសែន

0

(កំពង់ធំ)÷ លោក ប៉ាត ពឿន អគ្គលេខាធិការរង និងលោកស្រី ស សុភ័ក្រ ហេរញឹកអគ្គលេខាធិការ តំណាងរបស់លោកជំទាវឧកញ៉ា ឡេង ចាន់ណា អញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គី ឆ្លងខ្លោងទ្វារ និងពុទ្ឋាភិសេក នៅវិទ្យាល័យស្ទឹងសែន ព្រះគ្រូធម្មសត្ថា សាំង សុវត្ថា ព្រះធម្មធរអនុគណក្រុងស្ទឹងសែន និងជាព្រះចៅអធិការវត្តក្តីអណ្ដែត លោក សោម ធី ចៅសង្កាត់ស្រយ៉ូវ លោក គៀង សេងគឺ មេឃុំត្បូងក្រពើ លោកមេភូមិទាំង១៨ អាចារ្យ លោកនាយកសាលា គណៈកម្មាការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងសង្កាត់ស្រយ៉ូវ និងឃុំត្បូងក្រពើ បានមូលមតិគ្នាជាឯកឆន្ន ផ្តួចផ្ដើមធ្វើ បុណ្យឆ្លងខ្លោងទ្វារ និងអភិសេកព្រះពុទ្ធបដិមាមាន(ព្រះពុទ្ឋ សម្តេចសង្ឃ ជួន ណាត ព្រះបាទជ័យវរ្ម័នទី៧) ដែលជាអំណោយរបស់ លោកជំទាវ ឡេង ចាន់ណា និងក្រុមការងារ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី អ្នក នាងកញ្ញា និងពុទ្ធបរិស័ទទាំងអស់ មេត្តាចូលរួម និងចាប់មគ្គផលក្នុង ពិធីបុណ្យឆ្លងខ្លោងទ្វារ និងអភិសេក និងអនុមោទនាផល្លានិសង្សទៅតាមកំលាំងសទ្ធាជ្រះថ្លារៀងខ្លួនៗ។ កម្មវិធីបុណ្យថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០នាទីរសៀល ជួបជុំពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ពុទ្ធាភិសេក និងសម្តែងធម៌ទេសនា នៅវិទ្យាល័យស្ទឹងសែន ដែលស្ថិតនៅ ក្នុងភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក ធន ធុង នាយកវិទ្យាល័យស្ទឹងសែនគណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យស្ទឹងសែន ស្ថិតនៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី និង អាណាព្យាបាលសិស្ស ព្រមទាំង សប្បុរសជនទាំងអស់មេត្តាជួយគាំទ្រដល់វិទ្យាល័យស្ទឹងសែន មានគម្រោងចាក់បេតុងផ្លូវចូល និង តាមមុខអគារសិក្សា ដើម្បីជាសោភ័ណភាពសាលារៀន ដោយសារនៅរដូវវស្សា សិស្សានុសិស្សមានការលំបាកធ្វើដំណើរ។

សូមបញ្ជាក់ថា គម្រោងចាក់បេតុងផ្លូវចូល និងតាមមុខអគារសិក្សា១ម៉ែត្រការ៉េតម្លៃ ៥៣.០០០រៀល។