អភិបាលស្រុកស្ទោង  អំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវសហការជាមួយរដ្ឋបាលស្រុកក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម បរិស្ថាន កសាងសមិទ្ធលផលថ្មីៗ និងអភិវឌ្ឍទីរួមស្រុកស្ទោង

0

(កំពង់ធំ)÷ នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងរដ្ឋបាលឃុំកំពង់ចិនត្បូង បានចុះសួរសុខទុក្ខបង ប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងពិនិត្យមើលស្ថានភាពផ្លូវ ស្ថិតនៅក្នុងភូមិលាបទង និងភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង  ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនេះដែរលោក សាយ  គឹមឡម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ត្រូវជួយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលស្រុកស្ទោង  ដើម្បីឲ្យរដ្ឋបាលស្រុកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម បរិស្ថាន សោភ័ណភាព និងកសាងសមិទ្ធផលថ្មីៗ និងអភិវឌ្ឍស្រុកស្ទោង ជាពិសេសគម្រោងកសាង និងពង្រីកផ្លូវនានានៅក្នុងទីរួមស្រុកស្ទោងទាំងមូលទៅតាមបទដ្ឋានបច្ចេកទេស និងសោភ័ណភាព។

លោកអភិបាលស្រុកស្ទោង បានបញ្ជាក់បន្ថែមថា កិច្ចការនេះមិនមែនសម្រាប់តែឃុំកំពង់ចិនត្បូងមួយទេគឺគ្រប់រដ្ឋបាលឃុំក្នុងស្រុកស្ទោង  ត្រូវណែនាំដល់ពលរដ្ឋរបស់ខ្លួនត្រូវសហការជាមួយអាជ្ញាពាក់ព័ន្ធដើម្បីអភិវឌ្ឍមូលដ្ឋានយើងទាំងអស់គ្នា ជាពិសេសកុំរំលោភដីចំណីផ្លូវ ត្រូវជូនដំណឹងឬសុំការអនុញ្ញាតិជាមុនពីអាជ្ញាធរពាក់ព័ន្ធនឹងសាងសង់សំណង់ផ្សេងៗនៅសង្ខាងផ្លូវ។

គួរបញ្ជាក់ផងដែរថា  ឃុំកំពង់ចិនត្បូងកំពុងមានការឈានមុខគេ ក្នុងចំណោមឃុំផ្សេងទៀតក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបំពាក់សូឡាបំភ្លឺនៅពេលរាត្រី។