មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកិច្ចប្រជុំ ប្រុងប្រៀប​រៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកសឹករងតាំងគោក ក្រោមជំនួយឧបត្ថម្ភរបស់គណៈបញ្ជាការយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម

0

 

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី ១៧​ ខែមីនា​ ឆ្នាំ ២០២៣​នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ទោ​ សោម​ ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ប្រគល់ភារកិច្ច ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលខុសត្រូវក្នុងការរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅអគារមួយខ្នង ដែលជាជំនួយឧបត្ថម្ភរបស់គណៈបញ្ជាការយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ដែល​និង​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ពេល​ខាងមុខ​នេះ​ ។

លោកវរសេនីយ៍ត្រី​ សេង​ សូត្រ​ បានរាយការណ៍ថា​ អគារមួយខ្នងដែលទេីបសាងស់ថ្មីនេះ​ មានទំហំ​២០០​ ម៉ែត្រ​ការ៉េ​ ដែល​មានតម្លៃជាទឹកប្រាក់​ ៤៥.០០០​ ដុល្លារសហរដ្ឋអាមេរិក ត្រូវបានសាងសង់ឡើងនៅផ្នែកសឹករងតាំងគោក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជាស្រុកទើបបង្កើតថ្មី ក្រោមជំនួយឧបត្ថម្ភរបស់គណៈបញ្ជាការយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម  ហើយអគារនេះបានសាងសង់រួចរាល់ នៅថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ ២០២៣។

ឧត្តមសេនីយ៍ទោ​ សោម​ ស៊ុន​ បានបញ្ជាក់ថា តំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានចំនួន​ ១១​ អង្គភាពចំណុះ ដែល​មានចំនួន២វរសេនាតូច និង ៩ផ្នែកសឹករងក្រុង-ស្រុក ហេីយ​ត្រូវបានគណៈបញ្ជាការយោធាទីក្រុងហូជីមិញ នៃ​កង​ទ័ព​ប្រជាជន​វៀតណាម​ ដែលជាអង្គភាពសហប្រតិបត្តិការ បានជួយសាងសង់អគារក្នុងមួយអង្គភាពចំនួនមួយខ្នង ដែលមានទំហំដូចគ្នាជាមួយនឹងផ្នែកសឹករងតាំងគោក បាន​សាងសង់​ចំនួន ១១ខ្នង​ គ្រប់​កងឯកភាព​ទាំងអស់​រួចមកហើយ។

នៅក្នុងកិច្ចប្រជុំដើម្បីត្រៀមរៀបចំពិធីសម្ពោធអគារថ្មី​ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខ ក្រោមអធិបតីភាពភាគីមិត្ត ដែល​ជាម្ចាស់​ជំនួយ​នៅ​ពេល​ខាងមុខ​ ឲ្យទទួលបានជោជ័យ​ ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ បានបែងចែកភារកិច្ចទទួលខុសត្រូវ​ ជូនថ្នាក់ដឹកនាំម្នាក់ៗ និងអង្គភាពផ្នែកសឹករងតាំងគោក ក្នុងការរៀបចំពិធីសម្ពោធអគារថ្មីនេះ​  ឱ្យបានដំណើរការល្អ​ ។

នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ​សោម​ ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះគណៈបញ្ជាការយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភក្នុងការសាងសង់អគារ ស្នាក់នៅនិងធ្វើការងារ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង​អង្គភាព​ចំណុះ​សរុបបានចំនួន ១៣ខ្នងរួចមកហើយ និងសូមជូនពរឱ្យចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការល្អ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម ដើម្បីសន្តិភាព និងការអភិវឌ្ឍ  ៕