រថយន្តដឹកអកកាដង់បុកម៉ូតូបណ្តាលឲ្យស្លាប់ប្តី ប្រពន្ធរបួសស្រាល

0

ខេត្តរតនគិរី÷ សង្វែកណាស់ មួយពព្រិចភ្នែកសោះ ប្ដីបានលាប្រពន្ធចាក់លោកនេះទៅហើយ ខណៈប្រពន្ធបានរងរបួសស្រាល បន្ទាប់ពីបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ក្បែរស្ថានីយ៍ប្រេងយើង ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។

តាមប្រភពពីរកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូបើកបរក្នុងទិសដៅពីជើងទៅត្បូងមកដល់ត្រង់ចំណុចកើតហេតុបានបត់ទៅទិសខាងកើតវិញ ស្របពេលនោះដែរមានរថយន្តមួយគ្រឿងបើកបរពីលិចទៅកើតបានជ្រុលចង្កូតទៅបុកម៉ូតូដែលជិះពីរនាក់ប្តីប្រពន្ធកំពុងបើកម៉ូតូឆ្លងផ្លូវបណ្តាលឲ្យកិនប្តីបែកក្បាលចេញខួរស្លាប់យ៉ាងអាណោចអាធម៌។

យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា រថយន្តបង្កម៉ាកកូរ៉េ ២តោនកន្លះ ក្បាលពណ៌ស បានបិទអក្សរ រ៉ា វី តន្ត្រីសម័យ ខេត្តរតនគិរី ពាក់ស្លាកលេខភ្នំពេញ3D-4546 ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

រីឯម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ រតនគិរី ១E-២២៣៦ បើកបរដោយឈ្មោះ សេវ អ៊ែល ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិច្រាយរស់នៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ស្លាប់ក្រោយពីបានដឹកបញ្ជូនតាមរថយន្តរបស់ស្នងការនគរបាលខេត្ត ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។
ប្រពន្ធឈ្មោះ រចំ ភិម ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិច្រាយ រស់នៅជាមួយគ្នា រងរបួសល្រាល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្ត បានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ ហើយបានរឹបអូសយកមធ្យោបាយទាំងពីរគ្រឿងទៅកាន់ការិយាល័យចរាចរណ៍ខេត្ត ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ។
រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី។

កត្តានៃការគ្រោះថ្នាក់ចរាចរណ៍នេះឃើញថាយានជំនះ និងយានយន្តបានធ្វើចរាចរណ៍នៅលើដងផ្លូវនិមួយៗក្នុងក្រុងបានលុង ដោយបើកបរខ្វះការប្រុងប្រយ័ត្ន ម៉ូតូមុននិងបត់ឆ្វេង,ស្តាំមិនបានកាច់សញ្ញូនោះទេ។ហើយបានបត់មកខាងអាទិភាពនៃរថយន្ត ឬម៉ូតូទៀតនោះ ដែលកំពុងធ្វើចរាចរណ៍បញ្ច្រាសទិសគ្នា។ដោយមិនទាន់យល់ដឹងនៃច្បាប់ចរាចរណ៍ផ្លូវគោកឡើយ៕ដោយ÷ ជាយ ដែន