ដកហូតដីតំបន់ព្រៃអង់តែនទំហំ៣៥០ហិកតា ជាសម្បត្តិរដ្ឋវិញ បន្ទាប់ពីជនល្មើស ហ៊ុំព័ទ្ធធ្វើកម្មសិទ្ធិ

(កំពង់ធំ)៖ ដោយមានការឯកភាពលោកអភិបាលខេត្ត សម្របសម្រួលដោយលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ រួមទាំងថ្នាក់ដឹកនាំក្រសួងកសិកម្ម កម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចុះប្រតិបត្តិការបង្រ្កាប បទល្មើសការកាប់រាន ដុត ឈូសឆាយ ហ៊ុំព័ទ្ធ ដីព្រៃឈើ ដែលជនសង្ស័យបានកាន់កាប់អាស្រ័យផលធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅតំបន់អូរដៃជ្រៃ ភូមិសាស្រ្តឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក តិប ញាតា អធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ឲ្យដឹងថានៅលើទីតាំងខាងលើ ត្រូវបានដកហូតជាសម្បត្តិរដ្ឋវិញមានទំហំ៣៥០ហិកតា តាមរយៈដីការបស់ខេត្ត ដែលជនល្មើសបានកាប់ទន្ទ្រានកន្លងមក។ ហើយកំឡុងពេលដែល មានការរៀបចំដាំ និងស្តាព្រៃឈើឡើងវិញ នៅទីតាំងទំហំខាងលើនេះ ក្នុងនោះមានជនអាណាធិបតេយ្យ ជនខិលខូចមួយចំនួន បានមករារាំង ហើយជនទាំងនោះបានសាងសង់លំនៅឋានតាមដងផ្លូវព្រៃចំនួន៦ខ្ទម ដោយអះអាងថាបានកាន់កាប់អាស្រ័យផលជាយូរឆ្នាំហើយ តែធាតុពិតគឺជាដី រងការកាប់រាន។

លោក តិប ញាតា អធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បន្តឲ្យដឹងទៀតថា ផែនការណ៍បន្ទាប់ចំពោះផ្ទៃដីភូមិសាស្រ្តខាងលើ នឹងធ្វើការសំអាតព្រៃឈើរងការកាប់រាន ដើម្បីដាំស្តាព្រៃឈើឡើងវិញ នារដូវវស្សាខាងមុខនេះ និងបន្តតាមដានសកម្មភាពជនខិលខូច ដែលមានបំណងកាប់រានដីព្រៃរបស់រដ្ឋមកធ្វើកម្មសិទ្ធិបន្តទៀត ។ម៉្យាងទៀតចំពោះខ្ទម១ដែលបានសង់នៅមាត់អូរមានមនុស្សរស់នៅ គឺតម្រូវឲ្យអជ្ញាធរដែនដីមូលដ្ឋានជូនដំណឹង ដើម្បីរូសរើដោយខ្លួនឯង និងចាកចេញដោយសន្តិវិធី។ ដោយឡែក មេខ្លោងមួយចំនួនដែលពាក់ព័ន្ធក្នុងការកាប់រុករានដីព្រៃរបស់រដ្ឋ គឺបានចងក្រងសំណុំរឿងទៅតុលាការរួចរាល់ផងដែរ។

គួរបញ្ជាក់ផងដែរប្រតិបត្តិការនេះប្រើប្រាស់កម្លាំងចំរុះចំនួន៦០នាក់ មានកម្លាំងគណៈបញ្ជាការឯកភាពខេត្ត រួមទាំងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល រួមជាមួយកម្លាំងរដ្ដបាលព្រៃឈើខាងជើងបឹងទន្លេសាបជាអ្នកអនុវត្ត រូសរើខ្ទមចំនួន៦ខ្ទម និងដកហូតដីទំហំ៣៥០ហិកតាទុកជាសម្បត្តិរដ្ឋវិញ។ ដំណើរការនៃការប្រតិបត្តិការនេះគឺមានការឧបត្ថម្ភគាំទ្រពីគម្រោងរ៉េតបូកផងដែរ។